អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov នៅថ្ងៃពុធ (ទី១៤ ខែឧសភា) នេះ បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ទទួលបានការអញ្ជើញឲ្យទៅបំពេញទស្សនកិច្ច នៅប្រទេសអ៊ីរ៉ង់ ប៉ុន្តែកាលបរិច្ឆេទមិនទាន់ត្រូវបានយល់ព្រមនៅឡើយទេ។
អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ លោកស្រី Fatemeh Mohajerani ត្រូវបានដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA Novosti កាលពីថ្ងៃអង្គារ ដែលបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក Putin ទៅកាន់ប្រទេសអ៊ីរ៉ង់ «ពេលនេះកំពុងត្រូវបានរៀបចំ»។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «ជាការពិតណាស់ លោកប្រធានាធិបតី Putin ទទួលបានការអញ្ជើញឲ្យទៅបំពេញទស្សនកិច្ចផ្លូវការ ឬបំពេញទស្សនកិច្ចការងារ នៅប្រទេសអ៊ីរ៉ង់។ កាលបរិច្ឆេទមិនទាន់ត្រូវបានព្រមព្រៀងគ្នានៅឡើយទេ។ នៅពេលដែលពេលវេលាត្រូវបានព្រមព្រៀងគ្នាហើយ យើងនឹងជូនដំណឹងដល់អ្នក»។
លោកបានបន្ថែមថា៖ «យើងវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរបស់យើងជាមួយប្រទេសនេះ ហើយយើងវាយតម្លៃខ្ពស់ ចំពោះភាពស៊ីជម្រៅនៃទំនាក់ទំនងរបស់យើង នៅក្នុងវិស័យជាច្រើន»។
គួរបញ្ជាក់ថា ទីក្រុងមូស្គូ និងក្រុងតេអេរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្ររយៈពេល ២០ឆ្នាំ កាលពីខែមករា ប្រទេសទាំង២ បានផ្គត់ផ្គង់អាវុធដល់គ្នាទៅវិញទៅមក ហើយរុស្ស៊ីបានការពារអ្វីដែលខ្លួននិយាយថា ជាសិទ្ធិរបស់ទីក្រុងតេអេរ៉ង់ក្នុងការផលិតថាមពលនុយក្លេអ៊ែរដោយសន្តិវិធី។
លើកចុងក្រោយដែលលោក Putin ធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ គឺនៅឆ្នាំ២០២២ ពោលគឺប៉ុន្មានខែបន្ទាប់ពីលោកបានបញ្ជូនទាហានរាប់ម៉ឺននាក់ចូលទៅក្នុងប្រទេសអ៊ុយក្រែន៕
