ក្រុមគ្រួសារចំណាប់ថ្នូរ បាននាំគ្នាដង្ហែរក្បួនតវ៉ានៅមុខស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងតែល អាវីវ ទាមទារឲ្យលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ជួយដោះលែងចំណាប់ថ្នូរ សេសសល់ទាំងអស់ក្នុងតំបន់ហ្កាហ្សា ។
ការតវ៉ានេះ បានកើតមានឡើង ក្រោយកាលពីថ្ងៃចន្ទ ក្រុមហាម៉ាស បានដោះលែងចំណាប់ថ្នូរកូនកាត់អាមេរិក-អ៊ីស្រាអែលលោក Edan Alexander ដែលគេដឹងថាជាចំណាប់ថ្នូរអាមេរិកនៅរស់ចុងក្រោយគេ មុនដំណើរទស្សនកិច្ចរបស់លោក Trump មកកាន់តំបន់ឈូងសមុទ្រអារ៉ាប់ ។ លោក Trump បានធ្វើដំណើរទៅដល់ទីក្រុង Riyadh របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃអង្គារ ។
ប្រេសិតពិសេសចំណាប់ថ្នូររបស់សហរដ្ឋអាមេរិក លោក Adam Boehler និងលោក Steve Witkoff គឺជាប្រេសិតពិសេសសហរដ្ឋអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា បានជួបជាមួយក្រុមគ្រួសារចំណាប់ថ្នូររយៈពេលជិត ២ម៉ោង នៅទីក្រុងតែល អាវីវ កាលពីថ្ងៃអង្គារ ។ នៅក្នុងចំណោមចំណាប់ថ្នូរ ៥៨នាក់នៅជាប់ខ្លួនក្នុងតំបន់ហ្កាហ្សា ចំណាប់ថ្នូរប្រហែល ២០នាក់ ត្រូវបានគេនិយាយថានៅរស់ ។
ក្រុមមន្រ្តីសហរដ្ឋអាមរិក ២រូបនេះ និយាយប្រាប់គ្រួសារចំណាប់ថ្នូរថា ពួកគេនឹងមើលឃើញឱកាសល្អប្រសើរជាងនេះនៃកិច្ចព្រមព្រៀងដោះលែងពួកគេ ក្រោយទីក្រុងវ៉ាស៊ីនតោនឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមជីវពលហាម៉ាស សម្រាប់សេរីភាពរបស់ចំណាប់ថ្នូរអាមេរិក ដែលភាគច្រើនបានឆ្លងកាត់រដ្ឋាភិបាលអ៊ីស្រាអែល ។
លោក Alexander ដែលជាទាហាន និងជនជាតិអ៊ីស្រាអែលផងដែរនោះ ស្ថិតក្នុងចំណោមចំណាប់ថ្នូរ ២៥១នាក់ អ៊ីស្រាអែលនិយាយថា ត្រូវបានចាប់ពង្រាត់យកទៅកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ពេលដែលក្រុមហាម៉ាស វាយប្រហារអ៊ីស្រាអែល បង្កឲ្យផ្ទុះសង្រ្គាមមួយនេះ ៕