ប្រភពសន្តិសុខចំនួន ២ បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្រុមជីវពលអ៊ិស្លាមសង្ស័យ បានវាយប្រហារមូលដ្ឋានទ័ព ២កន្លែងរបស់នីហ្សេរីយ៉ា នៅរដ្ឋភាគឦសាន Borno បណ្តាលឲ្យទាហានយ៉ាងហោច ៥នាក់ ត្រូវបានសម្លាប់ ។
រូបភាពវីដេអូឃ្លីបនៅលើបណ្តាញព័ត៌មានសង្គម ត្រូវបានបញ្ចេញកាលពីថ្ងៃចន្ទ ។ វីដេអូនេះឃើញអគាររងការឆាបឆេះ ហើយនិងរថយន្តនៅមូលដ្ឋានកងវរសេនាតូចលេខ ១៥៣ ស្ថិតក្នុងស្រុក New Marte រដ្ឋ Borno ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អាចបញ្ជាក់ផ្ទៀងផ្ទាត់បានទីតាំងថតវីដេអូ ហើយកាលបរិច្ឆេតរបស់វីដេអូ ពុំត្រូវបានបញ្ជាក់ផ្ទៀងផ្ទាត់នោះទេ ប៉ុន្តែប្រភពសន្តិសុខចំនួន ២ និយាយថា មូលដ្ឋានកងទ័ពនេះ រងការវាយប្រហារកាលពីថ្ងៃទី ១២ ខែឧសភា ។
ទាហានម្នាក់ដែលរត់គេចចេញពីការវាយប្រហារ និយាយថា ក្រុមជីវពលបានធ្វើដំណើរមកដល់តាមទោចក្រយានយន្ត និងរថយន្ត ។
ទាហានរូបនេះដែលសុំមិនបញ្ចេញឈ្មោះ ដោយសារហេតុផលសន្តិសុខនោះ និយាយថា ទាហាននីហ្សេរីយ៉ា បានដកថយទៅកាន់មូលដ្ឋានកងវរសេនាតូចលេខ ២៤ ស្ថិតនៅស្រុកជិតគ្នា Dikwa ជាទីដែលពួកគេប្រមូលកម្លាំង និងបានវាយប្រហារតបតរ ដណ្តើមបានមូលដ្ឋានទ័ពមកវិញ ។
សូមបញ្ជាក់ថា ប្រទេសនីហ្សេរីយ៉ា បានប៉ះទង្គិចជាមួយក្រុមបះបោរអ៊ិស្លាមអស់រយៈពេលជាង ១៥ឆ្នាំមកហើយ ៕