វិមានក្រឹមឡាំង នៅថ្ងៃពុធ (ទី១៤ ខែឧសភា) បានប្រាប់ឲ្យដឹងថា គណៈប្រតិភូរុស្ស៊ី នឹងបង្ហាញខ្លួននៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី នៅថ្ងៃទី១៥ ខែឧសភា សម្រាប់ការចរចាសន្តិភាពដោយផ្ទាល់ដែលអាចកើតមានជាមួយអ៊ុយក្រែន ប៉ុន្តែមិនបានបង្ហាញនោះឡើយថា តើឥស្សរជនរូបណានឹងមានវត្តមាននៅទីនោះ សម្រាប់ភាគីរបស់ទីក្រុងមូស្គូ។
កាលពីព្រឹកព្រលឹមថ្ងៃទី១១ ខែឧសភា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានស្នើការចរចាដោយផ្ទាល់នៅប្រទេសទួរគី នាថ្ងៃទី១៥ ខែឧសភា «ដោយគ្មានលក្ខខណ្ឌជាមុន» ប៉ុន្តែលោកមិនបានបញ្ជាក់នោះឡើយថា តើអ្នកណានឹងទៅចូលរួម សម្រាប់ភាគីទីក្រុងមូស្គូ។
ចំណែកប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានលើកឡើងថា លោកនឹងចូលរួមកិច្ចចរចាជាមួយរុស្ស៊ី លុះត្រាតែលោក Putin មានវត្តមានដែរ។
សេចក្ដីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី និងអាមេរិកដែលមិនត្រូវបានបញ្ជាក់អះអាង បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងលោក Yuri Ushakov ដែលជាជំនួយការគោលនយោបាយការបរទេសរបស់លោក Putin នឹងស្ថិតនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ហើយត្រៀមខ្លួនជួបសមភាគីអ៊ុយក្រែន។
អំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នាថ្ងៃទី១៤ ខែឧសភានេះ នៅពេលត្រូវបានសួរដោយអ្នកសារព័ត៌មានថា តើវិមានក្រឹមឡាំងអាចបង្ហាញពីសមាសភាពគណៈប្រតិភូរុស្ស៊ីដែរ ឬអត់នោះ អ្នកនាំពាក្យ Dmitry Peskov បានប្រាប់ថា៖ «យើងនឹងធ្វើដូច្នេះនៅពេលដែលយើងទទួលបានការណែនាំឲ្យធ្វើដូច្នេះពីប្រធានាធិបតី»។
តែលោក Peskov បាននិយាយថា ការផ្តល់ជូនរបស់លោក Putin ក្នុងការចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែន «នៅតែផ្លូវការ»។ លោក Peskov បានបញ្ជាក់ថា៖ «គណៈប្រតិភូរុស្ស៊ីនឹងរង់ចាំគណៈប្រតិភូអ៊ុយក្រែន នៅទីក្រុងអ៊ីស្តង់ប៊ុល នាថ្ងៃទី១៥ ខែឧសភា»៕