នៅក្នុងចម្ការអូលីវរបស់ប្រទេសទុយនីស៊ី ក្រុមហ៊ុន BIOHEATដែលជាក្រុមហ៊ុននវានុវត្តន៍ កំពុងលើកឡើងពីការប្រឈមបរិស្ថាន តាមរយៈបំប្លែងកាកសំណល់កសិកម្មទៅជាធនធានថាមពលដ៏មានតម្លៃ ។
ក្រុមហ៊ុន BIOHEAT និយាយថា ពួកគេបានអភិវឌ្ឍបច្ចេកវិទ្យាបំប្លែងកាកសំណល់អូលីវទៅជា ធ្យូងអនាម័យឥន្ធនៈដ៏មានប្រសិទ្ធភាព ។
លោកវីស្វករ Yassine Khelifi គឺជាស្ថាបនិករបស់ក្រុមហ៊ុន BIOHEAT និយាយថា ធ្យូងអនាម័យរបស់ពួកយើង ១គ.ក ជំនួសឲ្យអុស ៤គ.ក ហើយវានឹងជួយកាត់បន្ថយការបំភាយឧស្ម័នកាបូនិកផងដែរ អំឡុងពេលដុត ។
លោកបន្តថា លើសពីនេះទៅទៀត បរិមាណកាបូននៃការផលិតវា មានចំនួនតិចតួចបំផុត ។ ពួកយើងមិនប្រើប្រាស់ម៉ាស៊ីនសម្ងួតនោះទេ ពួកយើងប្រើប្រាស់សម្ងួតខ្យល់ ។ ពួកយើងប្រើប្រាស់ធនធានកម្រិតអប្បបរមាក្នុងការបំប្លែងវា ។
លោកបញ្ជាក់ថា កាបូនឌីអុកស៊ីតកំឡុងពេលឆេះគឺមាន ៣០ភាគរយទាបជាងការឆេះអុស ។ នេះផ្អែកលើការវិភាគដែលពួកយើងបានធ្វើ ។
ដោយឡែក លោក Hakim Salmi គឺជាអ្នកគ្រប់គ្រងក្រុមហ៊ុនប្រេង Harimella និយាយថា ទុយនីស៊ី ស្ថិតក្នុងចំណោមប្រទេសផលិតប្រេងអូលីវធំបំផុតរបស់ពិភពលោក ។
លោកថា ប្រទេសមួយនេះ បានផលិតកាកសំណល់អូលីវប្រហែល ១,៥លានតោន ដែលបច្ចុប្បន្នត្រូវបានគេបោះចោលទៅក្នុងបរិស្ថាន ហើយគម្រោងរបស់ក្រុមហ៊ុន BIOHEAT ផ្តល់ជាតម្លៃ និងការពារកាកសំណល់មួយចំនួនធំដែលត្រូវបានបញ្ចេញទៅក្នុងធម្មជាតិ ៕
