រដ្ឋមន្ត្រីសុខាភិបាល និងប្រជាសេវារបស់សហរដ្ឋអាមេរិក លោក Robert F. Kennedy Jr. បានការពារការកាត់ប្រាក់រាប់ពាន់លានដុល្លារ និងការបណ្តេញបុគ្គលិករាប់ពាន់នាក់នៅក្រសួងដែលលោកដំណើរការក្នុងអំឡុងពេលផ្តល់សក្ខីកម្មនៅសភា កាលពីថ្ងៃពុធ។ វាជាលើកទីមួយហើយ ដែលលោកបានបង្ហាញខ្លួននៅចំពោះមុខគណៈកម្មាធិការសភា និងព្រឹទ្ធសភា បន្ទាប់ពីលោក Donald Trump ជ្រើសតាំងលោកឱ្យកាន់តំណែង។

អ្នកតំណាងគណបក្សប្រជាធិបតេយ្យ លោក Rosa DeLauro បានសួរលោកអំពីថវិកាសម្រាប់វិទ្យាស្ថានសុខាភិបាលជាតិ បន្ទាប់ពីរដ្ឋបាលកាលពីសប្តាហ៍មុន បានស្នើឱ្យកាត់បន្ថយចំនួន១៨ពាន់លានដុល្លារ។

តំណាងគណបក្សប្រជាធិបតេយ្យ លោក Steny Hoyer បានសង្កត់ទៅលើ លោក Kennedy អំពីឥទ្ធិពលរបស់មហាសេដ្ឋី លោក Elon Musk និងក្រសួងប្រសិទ្ធភាពរដ្ឋាភិបាលរបស់លោកក្នុងការកាត់បន្ថយទំហំនៃទីភ្នាក់ងារផ្នែកសុខាភិបាល។ លោក Hoyer បានសួរថា «តើអ្នកណាជាអ្នកធ្វើការសម្រេចចិត្តទាំងនោះ អ្នក ឬ លោក Musk? លោកKennedy និយាយថា «លោក Elon Musk បានផ្តល់ជំនួយដល់ពួកយើង ក្នុងការស្វែងរកកន្លែងដែលមានការខ្ជះខ្ជាយ ការក្លែងបន្លំ និងការបំពាន ហើយក្រសួង គឺវាអាស្រ័យលើខ្ញុំ ដើម្បីធ្វើការសម្រេចចិត្ត។ «មានករណីជាច្រើនដែលខ្ញុំមិនយល់ព្រម និងបាននិយាយថា យើងមិនអាចធ្វើបែបនេះទេ វានឹងធ្វើឱ្យមានផលប៉ះពាល់ក្នុងការលុបចោលក្រុមនោះ»។