រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar ដែលកំពុងធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន និយាយថា ឥឡូវនេះគឺជាពេលដ៏សំខាន់ ដើម្បីឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហាម៉ាស។ និយាយទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងតូក្យូកាលពីថ្ងៃពុធ លោក Saar បាននិយាយថា «ពេលវេលាពុំត្រូវបានកំណត់ឡើយ ប៉ុន្តែខ្ញុំជឿថាប៉ុន្មានថ្ងៃនេះ សប្តាហ៍នេះ មានសារៈសំខាន់»។

លោកបាននិយាយដោយសំដៅទៅលើការចរចាដែលបានបន្តកាលពីថ្ងៃពុធនៅក្នុងប្រទេសកាតា ជាប្រទេសអន្តរការី រវាងគណៈប្រតិភូអ៊ីស្រាអែលនិងក្រុមហាម៉ាស ជុំវិញបទឈប់បាញ់បណ្ដោះអាសន្ននិងការដោះលែងចំណាប់ខ្មាំង។ ការលើកឡើងរបស់លោក ធ្វើឡើងខណៈអ៊ីស្រាអែលបង្ហាញការពង្រីកប្រតិបត្តិការយោធានៅតំបន់ហ្កាហ្សា។ ប្រតិបត្តិការនេះ តាមសេចក្តីរាយការណ៍ថានឹងត្រូវចាប់ផ្តើមបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅតំបន់មជ្ឈិមបូព៌ា។
លោក Saar បាននិយាយថាដំណើរទស្សនកិច្ចរបស់លោក Trump នៅក្នុងតំបន់នេះ បង្ហាញពីឱកាសដ៏សំខាន់មួយ។

ទន្ទឹមនឹងនេះ ក៏មានការតវ៉ាចំពោះដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលទៅកាន់ប្រទេសជប៉ុន ដោយពួកគេបានគ្រវីទង់ជាតិប៉ាឡេស្ទីន និងបានស្រែកថា មនុស្សជាច្រើនត្រូវបានសម្លាប់នៅប៉ាឡេស្ទីន។ រថយន្តរបស់លោក Saar ពុំអាចចាកចេញបានទេ រហូតដល់នគរបាល មានវិធានការចូលទៅឃាត់ក្រុមបាតុករ។