ប្រធានាធិបតីប៉េរូ លោកស្រី Dina Boluarte កាលពីថ្ងៃពុធ ទី១៤ ខែឧសភា បានតែងតាំងលោក Eduardo Arana ដែលជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជានាយករដ្ឋមន្ត្រី។

លោក Arana ឈានជើងចូលក្នុងតួនាទីថ្មីរបស់លោក មួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីមុន លោក Gustavo Adrianzen បានលាលែងចេញពីមុខតំណែងមុនការបោះឆ្នោតត្រួតពិនិត្យ ដែលលោកកំពុងប្រឈមមុខនៅក្នុងសភា ជុំវិញការដោះស្រាយឧក្រិដ្ឋកម្ម និងការស្លាប់របស់ក្រុមកម្មករអណ្តូងរ៉ែចំនួន១៣នាក់។

ដោយការលាលែងពីតំណែងរបស់ លោក Adrianzen គណៈរដ្ឋមន្ត្រីត្រូវបានទាមទារជាផ្លូវការឱ្យលាចេញពីតំណែងរបស់ពួកគេ ទោះបីជាទាំងអស់នោះលាចេញក៏ដោយ ប៉ុន្តែ លោក Arana បានទទួលតំណែងរបស់ខ្លួនមកវិញនៅក្នុងពិធីមួយ កាលពីថ្ងៃពុធ។
លោក Juan Alcantara រដ្ឋអាជ្ញាដែលធ្លាប់បម្រើការជាអនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នឹងចូលជំនួសតំណែងរបស់លោក Arana នៅក្នុងក្រសួង។ រដ្ឋបាលដែលពុំត្រូវបានគេពេញចិត្តខ្លាំងរបស់លោកស្រី Boluarte ស្ថិតក្រោមសម្ពាធក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មដែលកំពុងកើនឡើង នៅមុនការបោះឆ្នោតនៅឆ្នាំក្រោយ។