ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោករំពឹងថា នឹងមានការវិវត្តជាវិជ្ជមានពីការចរចាដែលគ្រប់គ្នាទន្ទឹងរង់ចាំ រវាងរុស្ស៊ី និងអ៊ុយក្រែន នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី នាថ្ងៃព្រហស្បតិ៍ (ទី១៥ ខែឧសភា) នេះ។ ភាគីទាំង២ កំពុងរៀបចំការចរចាដោយផ្ទាល់ជាលើកដំបូង គិតចាប់តាំងពីជម្លោះ នៅអ៊ុយក្រែន ចាប់ផ្តើមផ្ទុះឡើងក្នុងឆ្នាំ២០២២។

កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានស្នើឲ្យចាប់ផ្តើមការចរចាដោយផ្ទាល់ឡើងវិញ រវាងទីក្រុងមូស្គូ និងទីក្រុងគីវ ដើម្បីស្វែងរកដំណោះស្រាយយូរអង្វែង ដែលនឹងជួយលុបបំបាត់ឫសគល់របស់បញ្ហា។ ចំណែកមេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky ដែលពីមុនបានច្រានចោលការចរចាណាមួយជាមួយទីក្រុងមូស្គូនោះ ក៏បានបង្ហាញឆន្ទៈក្នុងការធ្វើដំណើរទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុលផងដែរ។

ទីក្រុងគីវបានបញ្ជាក់ថា មន្ត្រីតែម្នាក់គត់មកពីក្រុងមូស្គូដែលលោក Zelensky នឹងជជែកជាមួយ គឺលោក Putin។ តែទោះបីជាយ៉ាងណាក្ដី រហូតមកដល់ពេលនេះ ប្រធានាធិបតីរុស្ស៊ី មិនទាន់មានការបង្ហាញសញ្ញាណាមួយ ដែលថា លោកគ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុងរបស់ប្រទេសទួរគីឡើយ។
ដោយថ្លែងអំឡុងពេលជួបប្រជុំជាមួយមេដឹកនាំប្រទេសកាតា (Emir Sheikh Tamim bin Hamad Al-Thani) នៅទីក្រុងដូហា កាលពីថ្ងៃពុធ (ទី១៤ ខែឧសភា) លោក Trump បាននិយាយថា៖ «និយាយដោយស្មោះត្រង់ ខ្ញុំគិតថា យើងមានព័ត៌មានល្អមួយចំនួនដែលចេញពីទីនោះ នៅថ្ងៃនេះ ហើយប្រហែលជាថ្ងៃស្អែក និងប្រហែលជាថ្ងៃសុក្រ។ ប៉ុន្តែយើងរង់ចាំមើលទាំងអស់គ្នាថា តើនឹងមានអ្វីកើតឡើង»។
ទោះបីជាលោកប្រធានាធិបតីអាមេរិកបានលើកឡើងកាលពីដើមសប្តាហ៍នេះថា រូបលោកក៏អាចចូលរួមកិច្ចប្រជុំ រវាងតំណាងអ៊ុយក្រែន និងរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះក៏ដោយ ក៏រូបលោកហាក់ដូចជាបានបដិសេធនូវលទ្ធភាពនោះ ខណៈដែលនៅលើយន្តហោះ Air Force One ដែលកំពុងធ្វើដំណើរទៅប្រទេសកាតា៕