ពលរដ្ឋប៉ាឡេស្ទីននៅតំបន់ West Bank បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់ ហ្កាហ្សា អំឡុងពេលការជួបជុំគ្នាទ្រង់ទ្រាយធំមួយក្នុងពិធីរំលឹកខួបលើកទី៧៧នៃការជម្លៀសប្រជាជនប៉ាឡេស្ទីនទាំងហ្វូងចេញពីទឹកដីកំណើត ឬ Nakba កាលពីថ្ងៃពុធ។

Nakba មានន័យថា «ការបណ្តេញចេញទាំងហ្វូង ឬមហន្តរាយ» ជាភាសាអារ៉ាប់។ ពាក្យនេះត្រូវបានគេប្រើជាញឹកញាប់ដើម្បីសំដៅទៅលើការបណ្តេញពលរដ្ឋប៉ាឡេស្ទីនយ៉ាងច្រើននៅក្នុងឆ្នាំ១៩៤៨។ ការជួបជុំគ្នានេះបានធ្វើឡើងនៅទីក្រុងរ៉ាម៉ាឡា។ អ្នកចូលរួម បានអំពាវនាវឱ្យអ៊ីស្រាអែល បញ្ចប់ការកាន់កាប់តំបន់ហ្កាហ្សា ហើយក៏បានជំរុញឱ្យភាគីទាំងពីរឈានដល់បទឈប់បាញ់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ស្ត្រីម្នាក់បាននិយាយថា «ជាដំបូង ពួកគេត្រូវបញ្ឈប់ការឈ្លានពាននៅតំបន់ហ្កាហ្សា។ ពួកគេត្រូវដកកងទ័ពចេញពីទឹកដីហ្កាហ្សាទាំងអស់ ហើយពួកគេត្រូវឲ្យប្រជាជនត្រូវបានគេផ្តល់ជំនួយសង្គ្រោះ»។
ការចរចាបទឈប់បាញ់ តាមសេចក្តីរាយការណ៍ថាបានបន្តនៅប្រទេសកាតា។ ប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាក់យ៉ាងច្បាស់ថា ការវាយប្រហាររបស់យោធាលោកប្រឆាំងក្រុមអ៊ីស្លាមហាម៉ាស នឹងបន្ត។