អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានថ្លែងប្រាប់អ្នកយកព័ត៌មានថា ការរីកសាយភាយអាវុធនុយក្លេអ៊ែរនៅអឺរ៉ុប នឹងមិនរួមចំណែកដល់សន្តិសុខ ភាពជឿទុកចិត្តបាន និងស្ថិរភាពនៃទ្វីបអឺរ៉ុបនេះទេ។
ដោយបានអត្ថាធិប្បាយអំពីសេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) អំពីការត្រៀមខ្លួនរបស់ប្រទេសបារាំង ក្នុងការដាក់ពង្រាយយន្តហោះចម្បាំងរបស់ខ្លួនជាមួយនឹងអាវុធនុយក្លេអ៊ែរ នៅក្នុងប្រទេសផ្សេងទៀត អ្នកនាំពាក្យរូបនេះ បាននិយាយថា៖«ការរីកសាយភាយអាវុធនុយក្លេអ៊ែរ នៅលើទ្វីបអឺរ៉ុប គឺជាអ្វីមួយដែលនឹងមិនរួមចំណែកដល់សន្តិសុខ ភាពជឿទុកចិត្តបាន និងស្ថិរភាពនោះទេ។ លោកបានសង្កត់ធ្ងន់ថា៖«បច្ចុប្បន្ន ប្រព័ន្ធនៃស្ថិរភាព និងសន្តិសុខ ជាយុទ្ធសាស្រ្តទាំងមូល គឺស្ថិតក្នុងស្ថានភាពគួរឲ្យស្អប់ខ្ពើមសម្រាប់ហេតុផលដែលអាចយល់បាន»។
នាពេលមុននេះ លោក ម៉ាក្រុង បាននិយាយថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីពិភាក្សាអំពីការដាក់ពង្រាយយន្តហោះចម្បាំងរបស់បារាំងជាមួយនឹងអាវុធនុយក្លេអ៊ែរ នៅក្នុងបណ្តាប្រទេសសហភាពអឺរ៉ុប។ យោងតាមលោក ម៉ាក្រុង មានលក្ខខណ្ឌចំនួនបីគឺ ទី១ ទីក្រុងប៉ារីសនឹងមិនបង់ប្រាក់សម្រាប់សន្តិសុខរបស់អ្នកដទៃទេ។ ទី២ ការដាក់ពង្រាយអាវុធបែបនេះ នឹងមិនបង្កការគំរាមកំហែងដល់សន្តិសុខរបស់ប្រទេសនោះទេ។ ទី៣ ប្រធានាធិបតីបារាំង នឹងតែងតែនិយាយចុងក្រោយលើរាល់ព័ត៌មានលម្អិត។