ក្រុមគ្រួសារជនរងគ្រោះក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះដ៏បំផ្លិចបំផ្លាញ កាលពីខែធ្នូ នៅប្រទេសកូរ៉េខាងត្បូង បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងមនុស្ស ១៥នាក់ ក្នុងនោះមានរដ្ឋមន្ត្រីដឹកជញ្ជូន និងប្រធានក្រុមហ៊ុនអាកាសចរណ៍ ដែលពួកគេជឿថា ជាអ្នកទទួលខុសត្រូវចំពោះគ្រោះមហន្តរាយ ដែលបានសម្លាប់មនុស្សទាំងអស់ លើកលែងតែមនុស្សពីរនាក់ក្នុងចំណោម ១៨១នាក់ នៅលើយន្តហោះនោះ។
នគរបាល និងមន្ត្រីរដ្ឋាភិបាល បាននិងកំពុងស៊ើបអង្កេតការធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air រួចហើយ ដូច្នេះពាក្យបណ្តឹងនេះ ត្រូវបានគេមើលឃើញថា ជាជំហាននិមិត្តរូបមួយ ដែលអំពាវនាវឲ្យមានការស៊ើបអង្កេតឲ្យបបានលឿន និងហ្មត់ចត់ជាងនេះ។ គ្រួសារដែលបាត់បង់ជីវិតជាច្រើន បានត្អូញត្អែរអំពីអ្វីដែលពួកគេមើលឃើញថា ជាកង្វះនៃវឌ្ឍនភាពដ៏មានអត្ថន័យ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកំណត់ថា អ្វីដែលបណ្តាលឲ្យ មានគ្រោះមហន្តរាយនេះ ហើយអ្នកណាជាអ្នកទទួលខុសត្រូវពិតប្រាកដ។

កាលពីថ្ងៃអង្គារ សាច់ញាតិនៃសពចំនួន ៧២នាក់ បានដាក់ពាក្យបណ្តឹងទៅកាន់ទីភ្នាក់ងារនគរបាលខេត្ត Jeonnam ភាគខាងត្បូងប្រទេសកូរ៉េខាងត្បូង។ នេះបើយោងតាមមេធាវី និងនគរបាលរបស់ពួកគេ។
មនុស្ស ១៥នាក់ ដែលត្រូវបានលើកឡើង នៅក្នុងពាក្យបណ្តឹងនោះ រួមមានរដ្ឋមន្ត្រីដឹកជញ្ជូន ប្រធានក្រុមហ៊ុនអាកាសចរណ៍ Jeju Air និងមន្ត្រីអាកាសចរណ៍ដែលគ្រប់គ្រងបញ្ហាថែទាំ និងសុវត្ថិភាព រួមជាមួយនឹងមន្ត្រីនៅអាកាសយានដ្ឋានអន្តរជាតិ Muan ដែលទទួលខុសត្រូវលើការការពារការវាយប្រហាររបស់បក្សី ការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស និងការគ្រប់គ្រងអាកាសយដ្ឋាន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមមេធាវីដែលគាំទ្រសាច់ញាតិទាំងនោះ។
សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា ការធ្លាក់នេះ មិនមែនជាឧបទ្ទវហេតុសាមញ្ញទេ ប៉ុន្តែជាគ្រោះមហន្តរាយសាធារណៈដ៏ធ្ងន់ធ្ងរ ដែលបានបណ្តាលមកពីការគ្រប់គ្រងការធ្វេសប្រហែសលើហានិភ័យ ដែលត្រូវតែត្រូវបានទប់ស្កាត់។
