ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅរុស្ស៊ី លោក Abdel Hafiz Nofal បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS នៅខាងក្រៅវេទិកាសេដ្ឋកិច្ចអន្តរជាតិថា ប្រទេសរុស្ស៊ី និងចិនកំពុងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីដោះស្រាយជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន។

នៅពេលត្រូវបានសួរថាតើមានឱកាសសម្រាប់បទឈប់បាញ់ថ្មីរវាងភាគីជម្លោះដែរឬទេ អ្នកការទូតរូបនេះ បាននិយាយនៅឯព្រឹត្តិការណ៍«Kazan Forum»ថា៖«នៅពេលដែលប្រធានអាជ្ញាធរប៉ាឡេស្ទីនលោក ម៉ាខ្មូដ អាបាស ( Mahmoud Abbas) បាននិយាយជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ( Vladimir Putin) កាលពីប៉ុន្មានថ្ងៃមុន ពួកគេបានពិភាក្សាអំពីបញ្ហានេះ ហើយពួកគេបាននិយាយអំពីអ្វីដែលគួរធ្វើ។ អ៊ីស្រាអែលមិនគួរបន្តការវាយប្រហាររបស់ខ្លួន នៅតំបន់ហ្កាហ្សា និងនៅតំបន់វេសបែងឡើយ។ ប្រទេសរុស្ស៊ី ចិន កំពុងព្យាយាមយ៉ាងខ្លាំង ហើយចង់ធ្វើអ្វីមួយដើម្បីសម្រេចបានដំណោះស្រាយចំពោះជម្លោះហ្កាហ្សានេះ។
លោកឯកអគ្គរដ្ឋទូត ក៏បានលើកឡើងផងដែរថា សន្និសីទអន្តរជាតិស្តីពីមជ្ឈិមបូព៌ា នឹងប្រព្រឹត្តទៅ នៅទីក្រុងញូវយ៉ក នៅខែក្រោយ តាមគំនិតផ្តួចផ្តើមរបស់អារ៉ាប៊ីសាអ៊ូឌីត និងបារាំង។
លោក Nofal បាននិយាយថា៖«រុស្ស៊ីបានសន្យាថា ខ្លួននឹងចូលរួមសន្និសីទនេះ ហើយប្រហែលជាព្រឹត្តិការណ៍នេះ នឹងបើកផ្លូវទៅរកដំណោះស្រាយរដ្ឋពីរចំពោះជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល។ រហូតមកដល់ពេលនេះ គ្មាននរណាម្នាក់ អាចបញ្ឈប់អ៊ីស្រាអែលបានទេ។ ជម្រើសតែមួយគត់ ដើម្បីបញ្ឈប់ការវាយប្រហារទាំងនេះ គឺត្រូវជំរុញពួកគេ តាមរយៈសន្និសីទអន្តរជាតិ»។
