ប្រតិបត្តិការរុករកសមាជិកកងកម្លាំងស្វ័យការពារ ២នាក់ នៅបន្តក្នុងថ្ងៃព្រហស្បតិ៍នេះ ក្រោយយន្តហោះហ្វឹកហាត់យោធាធ្លាក់ចូលបឹងនៅខេត្ត Aichi ស្ថិតនៅភាគកណ្តាលប្រទេសជប៉ុន ។
ទូរទស្សន៍ជប៉ុន Nippon រាយការណ៍ថា នគរបាលទទួលបានសេចក្តីរាយការណ៍និយាយថាគេបានឮសំឡេងធ្លាក់ដ៏ខ្លាំងមួយ ភ្លាមៗក្រោយយន្តហោះហ្វឹកហាត់ T4 របស់អង្គភាពកងកម្លាំងស្វ័យការពារ ហោះចេញពីមូលដ្ឋានទ័ព Komaki កាលពីវេលាម៉ោង ៣រសៀល ម៉ោងក្នុងស្រុក ថ្ងៃពុធ ។

ដោយឡែក រដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុនលោក Gen Nakatani បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃពុធថា យន្តហោះហ្វឹកហាត់ T-4 របស់កងកម្លាំងស្វ័យការពារអាកាស បានធ្លាក់នៅវេលាម៉ោង ៣ និង៨នាទីរសៀលម៉ោងក្នុងស្រុក ក្រោយបាត់បង់រ៉ាដានៅជិតបឹង ក្រោយហោះចេញពីមូលដ្ឋានទ័ពអាកាស Komaki ។
លោក Nakatani និយាយថា មនុស្ស ២នាក់ បាននៅលើយន្តហោះហ្វឹកហាត់មួយគ្រឿងនេះ ដោយលោកពុំបានបញ្ជាក់អត្តសញ្ញាណរបស់ពួកគេនោះទេ ។
ចំណែកឯទូរទស្សន៍ NTV រាយការណ៍ដោយលើកប្រភពពីក្រសួងការពារជាតិជប៉ុនថា សមាជិកកងកម្លាំងស្វ័យការពារនៅលើយន្តហោះ T4 ពេលកំពុងហោះហើរវិលត្រឡប់ទៅកាន់មូលដ្ឋានទ័ព Nyutabaru ស្ថិតក្នុងខេត្ត Miyazaki ក្រោយពេលទុកចោលយន្តហោះចម្បាំង F15 សម្រាប់ការថែទាំ ។
NTV រាយការណ៍ទៀតថា យន្តហោះហ្វឹកហាត់ T4ដែលបានធ្លាក់នេះ ត្រូវបានដាក់ឲ្យប្រើប្រាស់កាលពីរយៈពេល ៣៦ឆ្នាំមុន ហើយពុំត្រូវបានបំពាក់ដោយប្រអប់ខ្មៅនោះទេ ។
យោងតាមការអះអាងនៅលើគេហទំព័រក្រសួងការពារជាតិជប៉ុន បានឲ្យដឹងថា យន្តហោះ T-4 មានកៅអី ២ ហើយត្រូវបានផលិតក្នុងស្រុក និងជាយន្តហោះហ្វឹកហាត់អាចជឿជាក់បាន ៕

