ក្រុមនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (Apec) នៅថ្ងៃព្រហស្បតិ៍ (ទី១៥ ខែឧសភា) នេះ បានព្រមានថា ការនាំចេញនៅក្នុងតំបន់ នឹងស្ទើរតែមិនកើនឡើងក្នុងឆ្នាំ២០២៥ ក្នុងពេលមានការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ខណៈដែលប្លុកដែលមានសមាជិក ២១ប្រទេសនេះ បានចាប់ផ្តើមការជួបជុំប្រចាំឆ្នាំរបស់រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់ខ្លួន។
ក្នុងរបាយការណ៍វិភាគនិន្នាការក្នុងតំបន់របស់ខ្លួន ដែលត្រូវបានបង្ហាញនៅឯកិច្ចប្រជុំឆ្នាំ២០២៥ នៃរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្ម នៅលើកោះរមណីយដ្ឋាន Jeju របស់កូរ៉េខាងត្បូង ក្រុមប្រទេស Apec បានព្យាករថា ការនាំចេញនៅក្នុងតំបន់ នឹងកើនឡើងត្រឹមតែ ០,៤ភាគរយប៉ុណ្ណោះ នៅឆ្នាំ២០២៥ បន្ទាប់ពីហក់ឡើងដល់ ៥,៧ភាគរយ ក្នុងឆ្នាំ២០២៤។ ប្លុកនេះក៏បានកាត់បន្ថយផងដែរនូវការព្យាករកំណើនសេដ្ឋកិច្ច ក្នុងតំបន់របស់ខ្លួន សម្រាប់ឆ្នាំនេះ ដោយទម្លាក់មកត្រឹម ២,៦ភាគរយ ពោលគឺធ្លាក់ពី ៣,៣ភាគរយកាលពីមុន។

Apec បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «កំណើនពាណិជ្ជកម្មទំនងជានឹងធ្លាក់ចុះយ៉ាងខ្លាំង នៅទូទាំងតំបន់នៃក្រុមប្រទេស Apec ដោយសារតែតម្រូវការខាងក្រៅទាប ជាពិសេសផ្នែកការផលិត និងទំនិញប្រើប្រាស់ ខណៈដែលការកើនឡើងនូវភាពមិនច្បាស់លាស់ ជុំវិញវិធានការទាក់ទងនឹងទំនិញ ផ្ដល់ផលប៉ះពាល់អវិជ្ជមានដល់ពាណិជ្ជកម្មសេវាកម្ម»។
អត្រាពន្ធដ៏ធ្ងន់ធ្ងររបស់រដ្ឋបាលលោក Donald Trump បានកំណត់គោលដៅជាងពាក់កណ្តាលនៃប្រទេសក្រុម Apec ដែលអត្រាពន្ធជាមធ្យមក្នុងតំបន់ បានធ្លាក់ចុះមកត្រឹម ៥,៣ភាគរយ នៅឆ្នាំ២០២១ ដោយចុះពី ១៧ភាគរយ ក្នុងឆ្នាំ១៩៨៩ នៅពេលដែលវេទិកាសេដ្ឋកិច្ចមិនជាប់ចំណងផ្លូវច្បាប់ ត្រូវបានបង្កើតឡើង ។ រយៈពេលនេះឃើញថា ការជួញដូរទំនិញកើនឡើងជាង ៩ដង។
សម្រាប់រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែឧសភា តំណាងពាណិជ្ជកម្មនៃប្រទេសសមាជិក នឹងពិភាក្សាអំពីពាណិជ្ជកម្មពហុភាគី និងរបៀបវារៈកិច្ចសហប្រតិបត្តិការផ្សេងទៀត ក្នុងនោះរួមទាំងកំណែទម្រង់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ស្របពេលមានបញ្ហាប្រឈមនានា នាពេលបច្ចុប្បន្ននេះ៕

