រដ្ឋមន្រ្តីការបរទេសឡាតវីលោកស្រី Baiba Braze និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេពុំបានមើលឃើញការចង្អុរបង្ហាញណាមួយថា រុស្ស៊ីចង់បានសន្តិភាពនៅអ៊ុយក្រែននោះទេ ហើយវាពិតជាសំខាន់ខ្លាំងណាស់ក្នុងការធ្វើឲ្យចុះខ្សោយសមត្ថភាពយោធារបស់រុស្ស៊ី ។
លោកស្រី Braze និយាយបែបនេះ ទៅកាន់ក្រុមអ្នកសារព័ត៌មានមុនជំនួបក្រៅផ្លូវការរបស់ក្រុមរដ្ឋមន្រ្តីការបរទេសនៅទីក្រុង Antalya របស់ប្រទេសទួរគី ។
លោកស្រី Braze បន្តថា ការធ្វើឲ្យចុះខ្សោយសមត្ថភាពយោធារបស់រុស្ស៊ី គឺជាមធ្យោបាយថោកបំផុត និងផ្ទាល់បំផុត ដើម្បីសម្រេចបានសន្តិភាពនៅប្រទេសអ៊ុយក្រែន ។

ខណៈពេលនោះដែរ រដ្ឋមន្រ្តីការបរទេសអេស្តូនីលោក Margus បានបង្ហាញខ្លួននៅក្នុងព្រឹត្តការណ៍នោះផងដែរ ដោយលោកបានបន្ទរការយល់ឃើញរបស់លោកស្រី Braze ដោយលោកនិយាយថា ការសម្រេចចិត្តរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បញ្ជូនគណៈប្រតិភូកម្រិតទាបទៅកាន់ប្រទេសទួរគី សម្រាប់កិច្ចប្រជុំសង្រ្គាមអ៊ុយក្រែន ប្រៀបបាននឹងការទះមួយកំភ្លៀងអញ្ចឹងដែរ ។
លោក Margus បន្តថា រុស្ស៊ីបានបញ្ជូនយន្តហោះរបស់ខ្លួន ពេលដែលកងទ័ពជើងទឹកប្រទេសរបស់លោកព្យាយាមឃាត់នាវាដឹកប្រេងធ្វើដំណើរឆ្ពោះទៅកាន់រុស្ស៊ី ក្រោមទណ្ឌកម្មពីអង់គ្លេស ដោយពួកគេចោទប្រកាន់ថា នាវាមួយគ្រឿងនេះ ធ្វើដំណើរខុសច្បាប់ដោយគ្មានដោតទង់ជាតិ ។
ក្រោយនាវាក្រុមហ៊ុន Jaguar ដែលត្រូវបានដាក់នៅលើបញ្ជីទណ្ឌកម្មអង់គ្លេសកាលពីថ្ងៃសុក្រ បដិសេធន៍មិនព្រមសហការណ៍ឲ្យឡើងលើនាវានោះ កងទ័ពជើងទឹកអេស្តូនី និយាយថា នាវានេះត្រូវបានអមដំណើរទៅកាន់ដែនទឹករុស្ស៊ី ។
លោក Margus បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានផងដែរថា គោលជំហរផ្លូវការប្រទេសរបស់លោកគឺថា គោលដៅចំណាយការពារជាតិនាពេលអនាគតសម្រាប់រដ្ឋសមាជិកអង្គការណាតូ គួរតែមានចំនួន ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP) ៕

