នៅថ្ងៃព្រហស្បតិ៍នេះ នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Anthony Albanese មាននូវជំនួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការការពារជាតិ និងពាណិជ្ជកម្មសកល ដោយរូបលោកចាត់ទុកទីក្រុងហ្សាកាតាថាជាដៃគូឯករាជ្យ អំឡុងដំណើរទស្សនកិច្ចអន្តរជាតិលើកដំបូងរបស់លោក ចាប់តាំងពីលោកឈ្នះការបោះឆ្នោតឡើងវិញ ។
លោក Albanese ដែលបានស្បថចូលកាន់តំណែងកាលពីថ្ងៃអង្គារ ក្រោយគណបក្សការងារឆ្វេង-កណ្តាលនិយមរបស់លោកឈ្នះសំឡេងភាគច្រើនកើនឡើងនៅក្នុងសភានោះ និយាយថា ដំណើរទស្សនកិច្ចរបស់លោកបង្ហាញពីអាទិភាពដែលទីក្រុងកាន់បេរ៉ាដា ដាក់លើទំនាក់ទំនងការពារជាតិ និងសេដ្ឋកិច្ចជាមួយទីក្រុងហ្សាកាតា ។

លោកបានជំរុញឲ្យលោក Prabowo ពង្រឹងទំនាក់ទំនងការពារជាតិជាមួយអូស្រ្តាលី ក្រោយកិច្ចព្រមព្រៀងសម្រេចបានកាលពីឆ្នាំមុន គ្របដណ្តប់លើបញ្ហាសន្តិសុខ ការប្រឆាំងអំពើភេរវកម្ម និងការឆ្លើយតបគ្រោះមហន្តរាយ ។
អូស្រ្តាលីចង់បង្កើនទំនាក់ទំនងសេដ្ឋកិច្ចជាមួយតំបន់អាស៊ីអាគ្នេយ៍ ស្របពេលដែលពួកគេព្យាយាមធ្វើពិពិធកម្មទីផ្សារនាំចេញ ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន ហើយនិងឆ្លើយតបភាពពុំច្បាស់លាស់ផ្នែកពាណិជ្ជកម្ម បណ្តាលមកពីការដំឡើងពន្ធរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ៕
