អ្នកគ្រប់គ្រងទូទៅរបស់ព្រលានយន្តហោះនេះ បាននិយាយកាលពីថ្ងៃពុធថា អាកាសយានដ្ឋានអន្តរជាតិ Sanaa របស់ប្រទេសយេម៉ែន នឹងដំណើរការឡើងវិញ ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។
ប្រតិបត្តិការនៃអាកាសយានដ្ឋាន ត្រូវបានផ្អាក ចាប់តាំងពីថ្ងៃទី ០៦ ខែឧសភា នៅពេលដែលវាត្រូវបានវាយប្រហារដោយមីស៊ីលចំនួន ១២គ្រាប់ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហ៊ួទី។
ការវាយប្រហារតាមអាកាសនេះ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ស្ថានីយចុះចត ផ្លូវរត់ និងឧបករណ៍ទំនាក់ទំនង និងនាវាចរណ៍របស់ព្រលានយន្តហោះ។ នេះបើយោងតាមអ្នកគ្រប់គ្រងទូទៅរបស់អាកាសយានដ្ឋានលោក Khaled Al-Shaif។

លោក Khaled បាននិយាយថា ភ្លាមៗបន្ទាប់ពីការវាយប្រហារតាមអាកាស អាកាសយានដ្ឋាន បានដំណើរការផែនការសង្គ្រោះបន្ទាន់ ដោយបែងចែកបុគ្គលិកអាកាសយានដ្ឋានជាក្រុម ដើម្បីជួសជុលគ្រឿងបរិក្ខារ និងបើកឲ្យឧបករណ៍បម្រុងទុក ដើម្បីបន្តប្រតិបត្តិការអប្បបរមា ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
លោកបានបន្តទៀតថា៖«បន្ទាប់ពីអាកាសយានដ្ឋាននេះ ត្រូវបានបំផ្លាញ ពួកយើងបានប្រឈមមុខនឹងបញ្ហាដ៏ធំមួយ ពោលគឺការស្ដារអាកាសយានដ្ឋានឲ្យស្ថិតក្នុងស្ថានភាព ដែលអាចដំណើរការបានតិចតួចបំផុត ដោយសារមានមនុស្សជាប់គាំងនៅក្រៅប្រទេស ហើយចង់ត្រឡប់ទៅប្រទេសកំណើតវិញ មនុស្សដែលមានជំងឺធ្ងន់ធ្ងរ ដែលត្រូវការទៅព្យាបាលជំងឺ នៅបរទេស ក៏ដូចជាបុគ្គលិកអង្គការសហប្រជាជាតិ និស្សិតអន្តរជាតិ និងជនបរទេស ដែលត្រូវការសេវាហោះហើរ។
អាកាសយានដ្ឋានអន្តរជាតិ Sanaa គឺជាអាកាសយានដ្ឋានដ៏ធំបំផុត នៅក្នុងប្រទេសយេម៉ែន និងជាអាកាសយានដ្ឋានអន្តរជាតិ ដែលមានមុខងារតែមួយគត់នៅក្នុងតំបន់ ដែលគ្រប់គ្រងដោយក្រុមហ៊ួទី មុនពេលមានការវាយប្រហារ។
