មនុស្សជាច្រើន នៅក្នុងប្រទេសឥណ្ឌា បានបង្ហាញភាពធូរស្រាល បន្ទាប់ពីបទឈប់បាញ់ភ្លាមៗ ត្រូវបានប្រកាសឡើង រវាងឥណ្ឌា និងប៉ាគីស្ថាន កាលពីថ្ងៃទី១០ ខែឧសភា ដែលនាំឲ្យមានការផ្អាករយៈពេល ៤ថ្ងៃនៃការកើនឡើងនូវអរិភាព រវាងប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែរទាំង២ ដែលសម្គាល់ដោយការបាញ់ផ្លោង ការវាយប្រហារដោយយានដ្រូន និងសូម្បីតែការបាញ់មីស៊ីលសងសឹកគ្នាទៅវិញទៅមក។
តែខណៈដែលសំឡេងកាំភ្លើងនៅតាមព្រំដែន បានស្ងប់ស្ងាត់ ប្រជាជនឥណ្ឌាមួយចំនួនដែលពោរពេញទៅដោយការខឹងសម្បា និងការខកចិត្ត បានលេចឡើងនៅលើប្រព័ន្ធអ៊ីនធឺណិត ដើម្បីបង្កើនការវាយប្រហារជាមួយការបង្ហោះសារបង្កហេតុ ជុំវិញការសម្រេចរបស់ឥណ្ឌា ក្នុងការបញ្ឈប់ការប្រយុទ្ធ នៅពេលដែលពួកគេ បានលើកហេតុផលថា ប្រទេសនេះមានប្រៀបនៅក្នុងជម្លោះជាមួយប៉ាគីស្ថាន។

ការបង្ហោះមួយនៅលើបណ្ដាញ X របស់គណនីឈ្មោះ Ashish Anand បានសរសេរថា៖ «បទឈប់បាញ់មិនមែនជាសន្តិភាពទេ តែវាគឺជាការចុះចាញ់ដោយសន្សឹមៗ។ យើងមានប្រៀបលើពួកគេ តែជំនួសមកវិញបានបញ្ចប់ជម្លោះនេះ ដោយសារយើងបានព្រមតាមសម្ពាធពិភពលោក»។ ម្ចាស់គណនីនេះបានកំណត់អត្តសញ្ញាណខ្លួនឯងថា ជាអ្នករៀបចំផែនការហិរញ្ញវត្ថុមកពីតំបន់ Jammu & Kashmir។
ចំណែកគណនីបណ្ដាញសង្គម X មួយផ្សេងទៀត @angryopinionatd បានបង្ហោះថា៖ «យើងមិនអាចដំដែកគោលចុងក្រោយលើមឈូសប៉ាគីស្ថាន!! ខកចិត្តមែនទែន!»។
សំណួរស្តីពីបទឈប់បាញ់ ក៏ត្រូវបានតម្រង់ឆ្ពោះទៅនាយករដ្ឋមន្រ្តី លោក Narendra Modi ផងដែរ ដោយអ្នកកាន់សាសនាហិណ្ឌូស្តាំនិយម ដែលបង្កើតបានជាមូលដ្ឋានគាំទ្រដ៏រឹងមាំ សម្រាប់គណបក្ស Bharatiya Janata Party (BJP) របស់លោក បានបង្ហាញដោយបើកចំហនូវការមិនពេញចិត្តរបស់ពួកគេ ចំពោះ «ភារកិច្ចដែលមិនទាន់បានបញ្ចប់» ក្នុងការលុបបំបាត់ការគាំទ្ររបស់ប៉ាគីស្ថាន ចំពោះអំពើភេរវកម្ម។ អ្នកទាំងនោះថែមទាំងបានទាមទារមកវិញនូវតំបន់កាស្មៀរកាន់កាប់ដោយប៉ាគីស្ថាន ជាអ្វីដែលត្រូវបានប្រើប្រាស់ នៅក្នុងប្រទេសឥណ្ឌា សំដៅដល់ផ្នែកនៃតំបន់មានជម្លោះ គឺកាស្មៀរ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ប៉ាគីស្ថាន៕


