ភ្នំពេញ៖ ការតាំងពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា (Air & Tech Show) នឹងរៀបចំធ្វើឡើងរយៈពេល ៣ថ្ងៃពេញ នៅឯមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង រាជធានីភ្នំពេញ នាថ្ងៃទី១៧ -១៨ -១៩ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ បន្ទាប់ពីខកខានកាលពីឆ្នាំ២០២០ ដោយសារតែការរីករាលដាលនៃជំងឺរាតត្បាតសកលកូវីដ១៩។
ពិព័រណ៍យន្តហោះ និងបចេ្ចកវិទ្យានេះ រៀបចំឡើងដើម្បីបំផុសទឹកចិត្តយុវជន ដែលមានទេពកោសល្យ និងសមត្ថភាពផ្នែកយន្តហោះ និងបច្ចេកវិទ្យារបស់កម្ពុជា បានបង្ហាញនូវសមិទ្ធផល និងការច្នៃប្រឌិតបង្កើតថ្មីរបស់ខ្លួន ជូនដល់មហាជន ក៏ដូចជាការដាក់តាំងបង្ហាញនូវយន្តហោះផងដែរ។
ម្យ៉ាងវិញទៀតពិព័រណ៍នេះ ក៏ជាការផ្តល់ឱកាសដល់សាធារណជន សិស្សានុសិស្ស និងអ្នកទស្សនាបានមកទទួលយកនូវបទពិសោធន៍ ចំណេះដឹង និងព័ត៌មានក្នុងអំឡុងពេលនៃការតាំងពិព័រណ៍ ពីអ្នកតាំងពិព័រណ៍ដែលមកពីវិទ្យាល័យ និងមហាវិទ្យាល័យ ក៏ដូចជាអ្នកបើកយន្តហោះ ដែលឈរនៅក្បែរយន្តហោះផា្ទល់តែម្ដង។
គួររំឭកផងដែរថា កម្មវិធីនេះ មិនត្រឹមតែការតាំងពិព័រណ៍យន្តហោះ និងការតាំងបង្ហាញស្នាដៃបច្ចេកវិទ្យាពីសំណាក់សិស្សនិស្សិតប៉ុណ្ណោះទេ ក៏ប៉ុន្តែ កម្មវិធីក៏បានរៀបចំនូវការប្រកួតចំនួនពីរផងដែរ គឺការប្រកួតយន្តហោះកៅស៊ូ និងរ៉ូបូតមនុស្សយន្ត ដែលសមាសភាពបេក្ខជនចូលរួម គឺត្រូវបានជម្រើសចម្រាញ់ចេញពីសិស្សវិទ្យាល័យ និងនិស្សិតនៅមហាវិទ្យាល័យ ដែលមានទេពកោសល្យ និងសមត្ថភាពផ្នែកយន្តហោះ និងបច្ចេកវិទ្យាផងដែរ។
គួរបញ្ជាក់ថា ពិព័រណ៍យន្តហោះ និងបចេ្ចកវិទ្យា ត្រូវបានបង្កើត និងរៀបចំឡើងដោយក្រុមយុវជនកម្ពុជាមកពី សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ដែលមានចំណង់ចំណូលចិត្តលើមុខវិជ្ជាយន្តហោះ អាកាសចរណ៍ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ។
យ៉ាងណាមិញសម្រាប់ឆ្នាំនេះ កម្មវិធី Air & Tech Show គឺតម្រូវឲ្យអ្នកដែលចង់ចូលរួមទស្សនាការតាំងពិព័រណ៍ ធ្វើការចុះឈ្មោះអនឡាញ ឬ Online Registration តាមរយៈតំណភ្ជាប់នេះ៖ https://www.airandtech.show/registration (https://www.airandtech.show/registration?






