ប្រធានាធិបតី Donald Trump នៅថ្ងៃព្រហស្បតិ៍ (ទី១៥ ខែឧសភា) នេះ បាននិយាយថា សហរដ្ឋអាមេរិកកំពុងទៅកៀកមែនទែនហើយ ក្នុងការឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ ហើយទីក្រុងតេអេរ៉ង់ បានយល់ព្រមមួយកម្រិត ចំពោះលក្ខខណ្ឌនានា។
នៅប្រទេសកាតា ដែលជាកន្លែងឈប់សំចតទី២ នៃដំណើរទស្សនកិច្ចឈូងសមុទ្រពែរ្សរបស់លោក លោក Trump បានប្រាប់ថា៖ «យើងកំពុងមានការចរចាយ៉ាងល្អិតល្អន់ជាមួយអ៊ីរ៉ង់ ដើម្បីទទួលបានសន្តិភាពយូរអង្វែង»។ លោកបានសង្កត់ធ្ងន់ថា៖ «យើងនឹងមិនបង្កើតការបំផ្លិចបំផ្លាញដោយសារអាវុធនុយក្លេអ៊ែរ នៅអ៊ីរ៉ង់ទេ។ ខ្ញុំគិតថា យើងជិតឈានដល់កិច្ចព្រមព្រៀង ដោយមិនចាំបាច់ធ្វើរឿងនេះឡើយ»។
លោក Ali Shamkhani ដែលជាទីប្រឹក្សារបស់មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បាននិយាយក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា ទីក្រុងតេអេរ៉ង់មានឆន្ទៈទទួលយកការទប់ស្កាត់យ៉ាងទូលំទូលាយលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
លោក Shamkhani បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ABC News ថា អ៊ីរ៉ង់នឹងបោះបង់ចោលការស្តុកសារធាតុអ៊ុយរ៉ាញ៉ូមដែលត្រូវបានចម្រាញ់ដល់កម្រិតខ្ពស់ ជាផ្នែកនៃកិច្ចព្រមព្រៀងដែលសហរដ្ឋអាមេរិកដកទណ្ឌកម្ម៕