រដ្ឋមន្ត្រីពាណិជ្ជកម្មសហភាពអឺរ៉ុប (EU) នៅថ្ងៃព្រហស្បតិ៍ (ទី១៥ ខែឧសភា) នេះ បាននិយាយថា ពួកគេចង់បានកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានទំហំធំជាងការព្រមព្រៀងគ្នា រវាងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដោយបានបន្ថែមថា កិច្ចព្រមព្រៀងបែបនេះ ដែលបន្តរួមបញ្ចូលវិធានការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក នឹងមិនគ្រប់គ្រាន់ ដើម្បីទប់ស្កាត់ EU មិនឲ្យចេញវិធានការតបតបានឡើយ។
ប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer កាលពីមួយសប្តាហ៍មុន បានប្រាប់ឲ្យដឹងថា ពួកលោកបានយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីមានកម្រិត ដែលរក្សាទុកអត្រាពន្ធ ១០ភាគរយរបស់ Trump លើការនាំចេញរបស់អង់គ្លេស ខណៈដែលបញ្ចុះកម្រិតពន្ធខ្ពស់ លើដែកថែប និងរថយន្ត។
អនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចប៉ូឡូញ លោក Michal Baronowski ដែលប្រទេសរបស់លោកកាន់តំណែងជាប្រធាន EU ប្ដូរវេន បាននិយាយថា កិច្ចព្រមព្រៀងរបស់ចក្រភពអង់គ្លេស និងផ្អាកសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិន បានផ្តល់សញ្ញាសុទិដ្ឋិនិយមមួយចំនួន ក្នុងការបន្ថយការកើនឡើងនូវភាពតានតឹង។
តែទោះយ៉ាងណាក្ដី នៅក្នុងការអត្ថាធិប្បាយមុនពេលកិច្ចប្រជុំរបស់រដ្ឋមន្ត្រីពាណិជ្ជកម្ម EU នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក លោក Baronowski បាននិយាយថា EU មិនគួរ «ប្រញាប់ប្រញាល់ពេក» នោះទេ។ លោកបានបញ្ជាក់ថា ប្លុកនេះមិនត្រូវការកិច្ចព្រមព្រៀងបែបរហ័សនោះឡើយ។
ដោយសំដៅទៅលើកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស លោកបានសង្កត់ធ្ងន់ថា៖ «ខ្ញុំមិនគិតថា នោះជាកម្រិតធំល្មមគ្រប់គ្រាន់ដែលអឺរ៉ុបនឹងទទួលយកដោយរីករាយនោះឡើយ។ ខ្ញុំគិតថា យើងអាចមានកិច្ចព្រមព្រៀង ដែលប្រសើរជាងការបន្តទុកវិធានការដំឡើងពន្ធខ្ពស់ដដែល។ ខ្ញុំសង្ឃឹមថា EU ទទួលបានកិច្ចព្រមព្រៀងល្អជាងកិច្ចព្រមព្រៀងផ្សេងទៀតដែលសហរដ្ឋអាមេរិកកំពុងចរចាជាមួយ នាពេលនេះ»៕