ឥណ្ឌា៖ នគរបាលនិយាយបន្ទាប់ពីកងកម្លាំងរដ្ឋាភិបាល បានសម្លាប់ក្រុមសកម្មប្រយុទ្ធ ២នាក់នៅក្នុងការបាញ់ប្រហារមួយថា ការវាយប្រហារដោយកាំភ្លើងនៅតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយប្រទេសឥណ្ឌាកាលពីថ្ងៃចន្ទ បណ្តាលឲ្យនគរបាលពីរនាក់ស្លាប់ និងច្រើននាក់ផ្សេងទៀតរងរបួស។

នគរបាលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្មាន់កាំភ្លើងបានបាញ់រះមកលើរថយន្តក្រុងដែលដឹកនគរបាលនៅជាយក្រុង Srinagar ជាទីក្រុងធំក្នុងតំបន់ដោយបានធ្វើឱ្យមន្ត្រីចំនួន ១៤នាក់រងរបួស ហើយអ្នករងរបួសត្រូវបានជម្លៀសទៅកាន់មន្ទីរពេទ្យ។ កម្លាំងនគរបាល និងទាហានបានបិទតំបន់នោះ ហើយបើកប្រតិបត្តិការស្វែងរកអ្នកវាយប្រហារ។ គ្មានក្រុមឧទ្ទាមណាមួយចេញមុខអះអាងទទួលខុសត្រូវភ្លាមៗ ចំពោះការវាយប្រហារនេះទេ។ តំបន់ Kashmir ត្រូវបានបែងចែករវាងប្រទេសឥណ្ឌា និងប៉ាគីស្ថាន ហើយគូប្រជែងទាំងពីរទាមទារ តំបន់នេះទាំងស្រុង។ ក្រុមឧទ្ទាមបានប្រយុទ្ធប្រឆាំងទៅនឹងការគ្រប់គ្រងរបស់ប្រទេសឥណ្ឌាតាំងពីឆ្នាំ១៩៨៩។
ការវាយប្រហារនេះបានកើតឡើង បន្ទាប់ពីនគរបាលបានសម្លាប់ជនសង្ស័យសកម្មប្រយុទ្ធ ២នាក់នៅក្នុងការបាញ់ប្រហារ។ ភ្លាមៗបន្ទាប់ពីការបាញ់ប្រហារ ការប៉ះទង្គិចគ្នាមួយបានផ្ទុះឡើងនៅក្នុងតំបន់នេះ ខណៈដែលប្រជាជនរាប់សិបនាក់ក្នុងតំបន់បានចូលរួម ក្នុងការស្រែកប្រឆាំងចំពោះការគ្រប់គ្រងរបស់ប្រទេសឥណ្ឌា។ នគរបាលបានបាញ់គ្រាប់កាំភ្លើង និងឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមបាតុករដែលគប់ដុំថ្ម។ នគរបាលបានបង្កើតប៉ុស្តិ៍ត្រួតពិនិត្យជាច្រើនកន្លែងនៅតំបន់ Rangreth បន្ទាប់ពីមានការបាញ់ប្រហារ និងការប៉ះទង្គិចគ្នា៕
អត្ថបទ៖ ប៊ុនថន