ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ប្រទេសឥណ្ឌាបានផ្តល់សំណើទម្លាក់អត្រាពន្ធលើទំនិញរបស់សហរដ្ឋអាមេរិក ខណៈដែលប្រទេសអាស៊ីមួយនេះ ចរចារដើម្បីទទួលបានកិច្ចព្រមព្រៀង ដែលចៀសផុតពីការដំឡើងពន្ធនាំចូលខ្ពស់។
អំឡុងពេលថ្លែង នៅថ្ងៃព្រហស្បតិ៍ (ទី១៥ ខែឧសភា) ក្នុងព្រឹត្តិការណ៍មួយជាមួយបណ្ដាមេធុរកិច្ច នៅប្រទេសកាតា លោក Trump បានប្រាប់ថា រដ្ឋាភិបាលឥណ្ឌា «បានផ្តល់ឲ្យយើងនូវកិច្ចព្រមព្រៀង ដែលពួកគេមានឆន្ទៈមិនគិតថ្លៃសេវាពន្ធអ្វីទាំងអស់ពីទំនិញរបស់អាមេរិក»។
តែលោក Trump មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម អំពីការផ្តល់ជូនជាក់ស្តែងរបស់ទីក្រុង New Delhi នោះឡើយ ហើយរដ្ឋាភិបាលឥណ្ឌាក៏មិនបានឆ្លើយតបភ្លាមៗនោះដែរ ចំពោះសំណើសុំការអត្ថាធិប្បាយ។
គួរបញ្ជាក់ថា ឥណ្ឌាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលចាប់ផ្តើមការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី លោក Narendra Modi នៅសេតវិមាន កាលពីខែកុម្ភៈ ដោយភាគីទាំង២ បានយល់ព្រមបញ្ចប់ដំណាក់កាលទី១ នៃកិច្ចព្រមព្រៀងទ្វេភាគី នៅរដូវស្លឹកឈើជ្រុះ។
រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់ឥណ្ឌា ត្រូវបានគេរំពឹងថា នឹងជួបជាមួយមន្ត្រីរបស់រដ្ឋបាលលោក Trump នៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែឧសភា សម្រាប់ការចរចាបន្ថែម។
ការអត្ថាធិប្បាយរបស់លោក Trump នេះ បានកើតមានឡើងនៅប៉ុន្មានថ្ងៃបន្ទាប់ពីឥណ្ឌាបានគំរាមដាក់ពន្ធសងសឹក ជាការឆ្លើយតបទៅនឹងកាតព្វកិច្ចពន្ធដ៏ខ្ពស់របស់សហរដ្ឋអាមេរិក លើដែកថែប និងអាលុយមីញ៉ូម ដែលជាសញ្ញាមួយបង្ហាញថា ទីក្រុង New Delhi អាចនឹងកំពុងប្រើប្រាស់វិធីសាស្រ្តកាន់តែមានទំនុកចិត្តបន្ថែមទៀត នៅក្នុងដំណើរការចរចាពាណិជ្ជកម្មរបស់ខ្លួនជាមួយសេតវិមាន៕