ប្រទេសអាល្លឺម៉ង់ នៅថ្ងៃព្រហស្បតិ៍ (ទី១៥ ខែឧសភា) នេះ បានគាំទ្រការទាមទាររបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលឲ្យបង្កើនគោលដៅចំណាយលើវិស័យការពារជាតិរបស់អង្គការណាតូ (NATO) ឲ្យច្រើនជាងទ្វេដងដល់កម្រិត ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ខណៈដែលទីក្រុងវ៉ាស៊ីនតោនបានជំរុញឲ្យប្រទេសនានាដោះស្រាយបញ្ហា «កម្សោយរបស់ប្រទេសមួយចំនួន» នៅក្នុងសម្ព័ន្ធភាពនេះ ដែលបណ្តាលមកពីកង្វះការវិនិយោគផ្នែកយោធា។
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ថ្មី លោក Johann Wadephul បាននិយាយថា៖ «យើងកំពុងអនុវត្តតាមអ្វីដែលគាត់ (លោក Trump) បានលើកឡើង ហើយយើងមើលឃើញថា នេះគឺជាការប្តេជ្ញាចិត្តច្បាស់លាស់របស់សហរដ្ឋអាមេរិក ចំពោះមាត្រា ៥ របស់អង្គការណាតូ»។
លោក Wadephul ដែលបានចូលកាន់តំណែងកាលពីដើមសប្តាហ៍មុន ជាផ្នែកនៃរដ្ឋាភិបាលថ្មីដឹកនាំដោយគណបក្សអភិរក្សនិយម កំពុងនិយាយនៅឯកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសរបស់អង្គការណាតូ ក្នុងទីក្រុង Antalya របស់ប្រទេសទួរគី ជាទីដែលការចំណាយលើវិស័យការពារជាតិកម្រិតខ្ពស់ ស្ថិតនៅក្នុងរបៀបវារៈ។
គោលដៅចំណាយលើវិស័យការពារជាតិបច្ចុប្បន្នរបស់អង្គការណាតូ គឺ ២ភាគរយនៃផលិតផលក្នុងស្រុកសរុប ជាគោលដៅដែលបច្ចុប្បន្នសម្រេចបាន ឬលើសពីកម្រិតនោះ ដោយប្រទេសចំនួន ២២ ក្នុងចំណោមសមាជិកទាំង ៣២ របស់សម្ព័ន្ធភាពយោធានេះ។ ប៉ុន្តែបណ្ដាមេដឹកនាំនៃសមាជិកអង្គការណាតូជាច្រើន បានលើកឡើងថា គោលដៅឥឡូវនេះ គឺទាបពេក ខណៈដែលពួកគេមើលឃើញថា រុស្ស៊ីគឺជាការគំរាមកំហែងកាន់តែខ្លាំងឡើងៗ បន្ទាប់ពីមានការលុកលុយ លើអ៊ុយក្រែន ក្នុងឆ្នាំ២០២២។
ដោយនៅសល់ ៦សប្តាហ៍ទៀត មុនពេលមេដឹកនាំអង្គការណាតូរៀបចំកិច្ចប្រជុំកំពូល នៅទីក្រុងឡាអេ ប្រទេសហូឡង់ ប្រទេសសមាជិកកំពុងព្យាយាមបំពេញតាមការទាមទាររបស់លោក Trump ដោយមានគោលបំណងទប់ស្កាត់កុំឲ្យមានឡើងវិញនូវការគំរាមកំហែងពីមុនរបស់ប្រធានាធិបតីអាមេរិក ក្នុងការដកខ្លួនចេញពីសម្ព័ន្ធភាព ឬមិនមានការប្តេជ្ញាចិត្តខ្លាំងក្លារបស់សហរដ្ឋអាមេរិក ចំពោះការការពារសមាជិករបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង៕