តុលាការថៃ នៅថ្ងៃព្រហស្បតិ៍ (១៥ ឧសភា) បានចេញដីកាចាប់ខ្លួន ចំពោះមនុស្ស ១៧នាក់ ពាក់ព័ន្ធនឹងអគារខ្ពស់ នៅទីក្រុងបាងកក ដែលបានបាក់រលំ អំឡុងពេលមានរញ្ជួយដីដ៏ធំមួយ ជាហេតុការណ៍ដែលបានសម្លាប់កម្មកររាប់សិបនាក់។
អគារកម្ពស់ ៣០ជាន់ដែលកំពុងត្រូវបានសាងសង់ ដើម្បីធ្វើជាការិយាល័យសវនកម្មរដ្ឋ បានបាក់រលំទៅជាកម្ទេចថ្ម ក្នុងរយៈពេលប៉ុន្មានវិនាទី នៅពេលដែលរញ្ជួយដីកម្រិត ៧,៧រិចទ័រ បានវាយប្រហារសហភាពមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា ដោយបានសម្លាប់មនុស្សរាប់ពាន់នាក់នៅក្នុងប្រទេសជិតខាងដែលញាំញីដោយសង្គ្រាមរបស់ប្រទេសថៃមួយនេះ។
អគារនេះ គឺជាសំណង់អគារតែមួយគត់ក្នុងទីក្រុងបាងកក ដែលបានបាក់រលំ ហើយល្បឿនដ៏លឿនរហ័សដែលវាបានបាក់ចុះ បានក្លាយជាសំណួរ អំពីគុណភាពនៃការសាងសង់។
លោកឧត្តមសេនីយ៍ Siam Boonsom បានប្រាប់សារព័ត៌មាន AFP ថា៖ «តុលាការថៃ នៅថ្ងៃនេះ បានចេញដីកាចាប់ខ្លួន ចំពោះមនុស្ស ៣ក្រុម ដែលរួមមានចំនួន ១៧នាក់ ពាក់ព័ន្ធនឹងការបាក់រលំអគារនេះ»។
តែយ៉ាងក្ដី លោកមិនបានផ្តល់ព័ត៌មានលម្អិត អំពីអ្នកដែលត្រូវកំណត់ចាប់ខ្លួនដោយដីកានេះឡើយ ប៉ុន្តែរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថៃ បានឲ្យដឹងថា អ្នកទាំងនោះរួមមានទាំងបុគ្គលិកមកពីក្រុមហ៊ុន Italian-Thai Development (ITD) ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលសាងសង់អគារខ្ពស់នេះ។
អាជ្ញាធរ បានប្រាប់ថា ពួកគេបានរកឃើញសពចំនួន ៨៩នាក់ពីគំនរបាក់បែកនៃអគារបាក់រលំនេះ ដោយមនុស្ស ៧នាក់ នៅតែមិនទាន់រកឃើញ៕