បាល់ទាត់៖ ការប្រកួតរបស់ Manchester United ធ្វើដំណើរទៅទឹកដីរបស់ Brentford រាត្រីថ្ងៃអង្គារនេះត្រូវបានលើកពេលហើយ បន្ទាប់ពីផ្ទុះឆ្លង Covid-19 ច្រើននាក់ក្នុងក្លិបនៅ Old Trafford។ Premier League បានបញ្ជាក់ថា នេះជាការសំរេចចិត្តមួយស្របទៅតាមវិធានសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងកាន់តែខ្លាំង។
ទីលានហ្វឹកហាត់ Carrington របស់ Manchester United ត្រូវបានបិទទ្វានៅថ្ងៃចន្ទម្សិលមិញ បន្ទាប់ពីមានដំណឹងថាមានអ្នកឆ្លង Covid-19 ច្រើននាក់ទៅលើបុគ្គលិកក្លិប និងកីឡាករមួយចំនួន។ សប្តាហ៍មុន Premier League បានរកឃើញករណីឆ្លងថ្មីសរុប ៤២ករណីលើកីឡាករ និងបុគ្គលិកក្លិបក្រោយពីការធ្វើតេស្តលើក្លិបពាក់ព័ន្ធទាំងអស់។ Brighton, Spurs, Leicester, Aston Villa និង Norwich សុទ្ធតែក្លិបដែលមានករណីឆ្លងកាលពីថ្ងៃអាទិត្យ ស្របពេលជំនួបរវាង Brighton និង Spurs ត្រូវបានលើកពេលផងដែរ ក្រោយក្លិបនៅទីក្រុងឡុងដ៍ឆ្លងច្រើននាក់នៅក្នុងក្លិប។
រំលឹកថា មុនការប្រកួតនៅទឹកដី Norwich កាលពីថ្ងៃសៅរ៍កីឡាករ និងសមាជិកក្លិបទាំងអស់របស់ Manchester United សុទ្ធតែតេស្តអវិជ្ជមានទាំងអស់ លុះក្រោយការប្រកួតនៅថ្ងៃអាទិត្យ Man United ក៏រកឃើញករណីវិជ្ជមានមួយចំនួនដែលគេសង្ស័យថា ឆ្លងពីភាគី Norwich។ សូមបញ្ជាក់ថា អឺរ៉ុបកំពុងឈានដល់រលកថ្មីនៃការផ្ទុះឆ្លងមេរោគ Covid-19 ខណៈចក្រភពអង់គ្លេសទើបប្រកាសចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ប៉ុណ្ណោះ៕
អត្ថបទ៖នាង សុភាវុធ