ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា នឹងមិនមានវឌ្ឍនភាពឆ្ពោះទៅរកសន្តិភាពក្នុងប្រទេសអ៊ុយក្រែនឡើយ លុះត្រាតែលោកជួបជាមួយមេដឹកនាំរុស្ស៊ី លោក Vladimir Putin ខណៈកិច្ចពិភាក្សារវាងទីក្រុងមូស្គូ និងទីក្រុងគីវ ដែលមានក្ដីរំពឹង ខ្លាំងនៅក្នុងប្រទេសទួរគីបានប្រែក្លាយទៅជាគ្មានអ្វីធំដុំ។
លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ដែលកំពុងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប់រួមថា មើលទៅ គ្មានអ្វីនឹងកើតឡើងទេ លុះត្រាតែលោក Putin និងលោកជួបគ្នា។ បើលោកមិនទៅ លោកPutin ក៏មិនទៅដែរ គ្មានអ្វីនឹងលេចឡើងទេ លុះត្រាតែមេដឹកនាំរុស្ស៊ី និងរូបលោកជួបគ្នាដោយផ្ទាល់ ប៉ុន្តែពួកយើងនឹងត្រូវដោះស្រាយ ព្រោះមានមនុស្សស្លាប់ច្រើនពេកហើយ។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានទៅដល់ប្រទេសទួរគីរួចរាល់ហើយសម្រាប់កិច្ចពិភាក្សា ប៉ុន្តែលោក Putin បានបដិសេធមិនចូលរួម ហើយជំនួសមកវិញដោយបានបញ្ជូនគណៈប្រតិភូថ្នាក់ទាប ដោយធ្វើឱ្យភាគីក្រុង Kiev ខឹងសម្បារ និងបង្កការសង្ស័យថាតើនឹងមានការចរចារឬអត់។
ទីក្រុង Kyiv ដែលមានលោក Zelenskyy ជំនួយការជាន់ខ្ពស់របស់លោក និងរដ្ឋមន្ត្រីការបរទេស និងការពារជាតិរបស់លោក ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្នុងគោលបំណងបង្ហាញដល់លោកTrump ថារុស្ស៊ីគឺជាឧបសគ្គពិតប្រាកដចំពោះសន្តិភាព។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានរិះគន់លោក Zelenskyy ហើយបាននិយាយថា ការផ្អាកណាមួយនៅក្នុងជម្លោះ នឹងហុចឱកាសឲ្យអ៊ុយក្រែនបំពាក់អាវុធបន្ថែមក្នុងបំណងទប់ទល់នឹងការវាយប្រហារពីរុស្ស៊ីលើទឹកដីរបស់ខ្លួនរយៈពេលជាងមួយទសវត្សរ៍៕