ជំនួបពាណិជ្ជកម្មនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ឬហៅកាត់ថា APEC បានឈានដល់ការបិទបញ្ចប់នៅថ្ងៃសុក្រ (១៦ ឧសភា) នេះ ជាមួយនឹងការខ្វែងគំនិតលើពន្ធ និងកំណែទម្រង់របស់សហរដ្ឋអាមេរិក ចំពោះស្ថាប័នពាណិជ្ជកម្មពិភពលោកមួយនេះ ដែលធ្វើឱ្យការអនុម័តសេចក្តីថ្លែងការណ៍រួមមួយមានភាពមិនច្បាស់លាស់ នេះបើយោងតាមអ្នកការទូតមួយចំនួន។

កិច្ចប្រជុំប្រចាំឆ្នាំនេះគឺជាជំនួបពាណិជ្ជកម្មពហុភាគីដ៏សំខាន់លើកដំបូង ចាប់តាំងពីការប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump អំពីពន្ធសកលរបស់លោក ហើយជាងពាក់កណ្តាលនៃសមាជិក ២១ប្រទេសនៃប្លុកនេះ បានរងពន្ធនាំចូលថ្មីរបស់អាមេរិក លើសពីអត្រាអប្បបរមា ១០%។

APEC បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា ការនាំចេញពីតំបន់ ដែលមានប្រហែលពាក់កណ្តាលនៃពាណិជ្ជកម្មពិភពលោកនេះ នឹងធ្លាក់ចុះយ៉ាងខ្លាំងនៅឆ្នាំ២០២៥ ហើយស្ទើរតែមិនកើនឡើងទាល់តែសោះ បន្ទាប់ពីការប្រកាសពន្ធរបស់អាមេរិក ដែលពេលនេះស្ថិតក្នុងការផ្អាកនៅឡើយ។ ក្រុមមន្ត្រីសម្តែងការសង្ស័យថា ប្រទេសសមាជិកទំនងជាពិបាកអនុម័តសេចក្តីថ្លែងការណ៍រួម ខណៈការចរចាកម្រិតក្រុមការងារ បានបន្តរហូតដល់យប់ជ្រៅនៅថ្ងៃព្រហស្បតិ៍ ដែលជាថ្ងៃទី១ នៃកិច្ចប្រជុំពីរថ្ងៃ។

សម័យប្រជុំត្រូវបានប្រារព្ធឡើងដោយផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការពហុភាគីលើសេដ្ឋកិច្ច និងពាណិជ្ជកម្ម ខណៈកំណែទម្រង់ដ៏ចម្រូងចម្រាសចំពោះអង្គការពាណិជ្ជកម្មពិភពលោក WTO ក៏កំពុងស្ថិតលើការផ្ដោតផងដែរក្នុងឆ្នាំនេះ។ រដ្ឋបាលរបស់លោក Trump ចាត់ទុក WTO ថាជាស្ថាប័នមួយដែលអាចឱ្យចិន ទទួលបានប្រយោជន៍នៃការនាំចេញបែបអយុត្តិធម៌ ហើយថ្មីៗនេះបានផ្អាកការផ្តល់មូលនិធិរបស់អាមេរិក ដល់អង្គការមួយនេះ៕