រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៥ ឧសភា) ថា សមាជិកសម្ព័ន្ធយោធាណាតូ ទាំងអស់ នឹងត្រូវយល់ព្រមលើគោលដៅនៃការចំណាយស្មើនឹង ៥% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួនលើវិស័យការពារជាតិក្នុងទសវត្សរ៍ក្រោយ នៅកិច្ចប្រជុំកំពូលណាតូឆ្នាំ២០២៥ នាខែមិថុនា ខាងមុខ។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានកាត់បន្ថយការផ្តល់មូលនិធិការពារជាតិដល់អង្គការណាតូ ក្នុងអំឡុងពេលចុងក្រោយនៃអាណត្តិទី១ របស់លោកក្នុងឆ្នាំ២០១៧-២០២១ ហើយបានត្អូញត្អែរជាញឹកញាប់ថា សហរដ្ឋអាមេរិក កំពុងចំណាយច្រើនជាងចំណែកសមធម៌របស់ខ្លួន។

លោក Rubio និយាយថា "សមាជិកកំពុងឆ្ពោះទៅរកកិច្ចប្រជុំកំពូលក្នុងពេល ៦សប្តាហ៍ទៀតនេះ ប៉ុន្តែស្ទើរតែគ្រប់សមាជិកណាតូនៅតែចំណាយលើវិស័យការពារជាតិត្រឹមតែ ២% ឬ ៤% ប៉ុណ្ណោះ ហើយរឿងដែលសំខាន់ជាងនេះគឺគ្រប់សមាជិកទាំងអស់ នឹងត្រូវយល់ព្រមលើគោលដៅនៃការឈានដល់ ៥% ក្នុងទសវត្សរ៍ក្រោយ"។

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បាននិយាយនៅសប្តាហ៍នេះថា ទីក្រុងប៊ែរឡាំងបានគាំទ្រលើការទាមទាររបស់លោក Trump ដែលថាសមាជិកនៃសម្ព័ន្ធការពារជាតិនេះត្រូវបង្កើនការចំណាយលើវិស័យការពារជាតិដល់ ៥% នៃ GDP។ គួរឱ្យដឹងថា កិច្ចប្រជុំកំពូលណាតូ ឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅនៅប្រទេសហូឡង់ ចាប់ពីថ្ងៃទី២៤-២៥ ខែមិថុនា ខាងមុខនេះ៕