ក្រុមឧស្សាហកម្មទេសចរណ៍ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកកំពុងស្ថិតនៅលើផ្លូវនៃការខាតបង់ប្រាក់ចំណូលចំនួន១២,៥ពាន់លានដុល្លារអាមេរិក ពីភ្ញៀវទេសចរបរទេសនៅឆ្នាំនេះ ខណៈរដ្ឋបាលរបស់ លោក Trump បានដឹកនាំការបង្ក្រាបជនអន្តោប្រវេសន៍។

ការសិក្សាធ្វើឡើងដោយក្រុមប្រឹក្សាទេសចរណ៍និងទេសចរណ៍ពិភពលោក(WTTC) និងក្រុមហ៊ុន Oxford Economics បានរកឃើញថា សហរដ្ឋអាមេរិក គឺជាប្រទេសតែមួយគត់ដែលបានកំណត់មើលឃើញពីការធ្លាក់ចុះការចំណាយរបស់ភ្ញៀវទេសចរបរទេសនៅឆ្នាំនេះ។

ក្រុមប្រឹក្សាទេសចរណ៍និងទេសចរណ៍ពិភពលោក(WTTC) ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនទេសចរណ៍ឈានមុខគេ បាននិយាយថា នេះ «បង្ហាញពីផលប៉ះពាល់ដោយផ្ទាល់ដល់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកទាំងមូល ប៉ះពាល់ដល់សហគមន៍ ការងារនិងអាជីវកម្ម។
ប្រធានក្រុមប្រឹក្សា WTTC លោកស្រី Julia Simpson បាននិយាយថា ការគាំទ្ររបស់រដ្ឋាភិបាលគឺចាំបាច់ដើម្បីធានាបាននូវកំណើនទេសចរណ៍។ លោកស្រី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ខណៈ ប្រទេសផ្សេងៗកំពុងក្រាលកម្រាលស្វាគមន៍ភ្ញៀវទេសចរ រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងដាក់ស្លាក «បិទ»។
ខណៈលោកប្រធានាធិបតី Donald Trump ដឹកនាំការបង្រ្កាបលើការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ការធិប្បាយដោយចោទប្រកាន់នយោបាយអំពីប្រទេសផ្សេងៗ និងការដំឡើងពន្ធលើទំនិញបរទេស មានកិច្ចខិតខំប្រឹងប្រែងជាច្រើនធ្វើឡើងដោយអ្នកប្រើប្រាស់នៅក្នុងប្រទេសនានាដើម្បីធ្វើពហិការផលិតផលសហរដ្ឋអាមេរិក និងបានអំពាវនាវកុំឱ្យធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក។