ភ្នំពេញ៖ រដ្ឋបាលខណ្ឌ៧មករា និងអង្គការសកម្មភាពដើម្បីកុមារ (APLE) បានរៀបចំ កម្មវិធីលើកកម្ពស់ការយល់ដឹង ស្តីពី “កិច្ចបង្ការការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារលើប្រព័ន្ធអនឡាញ ‘’ នៅសាលប្រជុំនៃរដ្ឋបាលខណ្ឌ៧មករា។
កម្មវិធីនេះបានរៀបចំឡើង នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ថេង សុថុល អភិបាលខណ្ឌ៧មករា និង លោក ណេង វណ្ណៈ តំណាងរបស់អង្គការសកម្មភាពដើម្បីកុមារ ដោយមានការចូលរួម ពីមន្ត្រីរដ្ឋបាលខណ្ឌ សមាជិកសមាជិកានៃគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារថ្នាក់ខណ្ឌ (គ.ក.ស.ក) និង គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារសង្កាត់ (គ.ក.ន.ក.) ។
លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា សូមថ្លែងអំណរគុណដល់ អង្គការសកម្មភាពដើម្បីកុមារ (APLE) ដែលបាន រៀបចំកម្មវិធីស្តីពី “កិច្ចបង្ការការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារលើប្រព័ន្ធអនឡាញ ‘’ នេះឡើង ដើម្បីជួយដល់កុមារនៅប្រទេសកម្ពុជា ដែលទទួលរងនូវការកេងប្រវ័ញ្ច ។
លោក ណេង វណ្ណៈ តំណាងរបស់អង្គការសកម្មភាពដើម្បីកុមារ (APLE) បានលើកឡើងផងដែរថា អង្គការបាននឹងកំពុងអនុវត្តគម្រោង "សុវត្ថិភាព និងសិទ្ធិរបស់ពួកគេលើប្រព័ន្ធអនឡាញ ក្រោមការគាំទ្រថវិកាពីអង្គការដែនដីមនុស្សហូឡង់ បន្តចូលរួមក្នុងការអនុវត្តផែនការសកម្មភាពជាតិដើម្បីកិច្ចការពារកុមារពីការកេង ប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទលើប្រព័ន្ធអនឡាញ។
លោក បានបន្តទៀតថាដើម្បីសម្រេចបានលទ្ធផលនៃការអនុវត្តគម្រោងនេះ អង្គការសកម្មភាពដើម្បីកុមារ(APLE) នឹងរៀបចំកម្មវិធីលើក កម្ពស់ការយល់ដឹងស្តីពី “កិច្ចបង្ការការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារលើប្រព័ន្ធអនឡាញ ដល់សមាជិកសមាជិកា នៃគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារថ្នាក់ខណ្ឌនិងគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារសង្កាត់៕អត្ថបទ៖ កុម្ភៈ







