នូវែលសេឡង់ នឹងបែងចែកថវិកាបន្ថែមទៀតដើម្បីផ្តល់ការបង្វិលសងដល់ក្រុមហ៊ុនផលិតភាពយន្តបរទេស សម្រាប់ការថតខ្សែភាពយន្តនៅប្រទេសនេះ ក្នុងជំហានលើកទឹកចិត្តមួយដែលធ្វើឡើងបន្ទាប់ពីការប្រកាសរបស់លោកប្រធានាធិបតីអាមេរិក Donald Trump អំពីការដំឡើងពន្ធ ១០០% លើខ្សែភាពយន្ត ដែលផលិតនៅក្រៅសហរដ្ឋអាមេរិក។

ប្រទេសនូវែលសេឡង់ ជាទីដែលខ្សែភាពយន្ត "Lord of the Rings" ដ៏ល្បីបានថតនៅទីនោះ បានក្លាយជាទីតាំងថតដ៏ពេញនិយមសម្រាប់ភាពយន្តហូលីវូដ ដោយសារការចំណាយទាប និងការលើកទឹកចិត្តជាច្រើនពីរដ្ឋាភិបាល។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោកស្រី Nicola Willis បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "រដ្ឋាភិបាលកំពុងផ្ញើសារយ៉ាងច្បាស់ទៅកាន់អន្តរជាតិថា នូវែលសេឡង់គឺជាទីកន្លែងដ៏ល្អបំផុតក្នុងពិភពលោកសម្រាប់ការផលិតភាពយន្ត"។ ទឹកប្រាក់បន្ថែមចំនួន ៥៧៧លានដុល្លារនូវែលសេឡង់ (៣៣៩ លានដុល្លារអាមេរិក) នឹងត្រូវបញ្ចូលទៅក្នុងថវិកាសហព័ន្ធនៅសប្តាហ៍ក្រោយ ដើម្បីទ្រទ្រង់គម្រោងបង្វិលសងថ្លៃផលិតភាពយន្តអន្តរជាតិរបស់នូវែលសេឡង់។
នៅពេលប្រកាសពន្ធ ១០០% ក្នុងខែនេះ លោក Trump បាននិយាយថា វិស័យហូលីវូដ របស់អាមេរិក កំពុងស្លាប់បាត់ "យ៉ាងលឿន" ដោយសារតែការលើកទឹកចិត្តដែលផ្តល់ដោយប្រទេសផ្សេងទៀត៕
