អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) បាននិយាយក្នុងរបាយការណ៍ចុងក្រោយបំផុតរបស់ខ្លួននៅថ្ងៃអង្គារសប្ដាហ៍នេះថា ចំនួនជនភៀសខ្លួនខាងក្នុងនៅទូទាំងពិភពលោក បានឈានដល់កម្រិតកំណត់ត្រាខ្ពស់បំផុតគឺ ៨៣,៤លាននាក់ នៅចុងឆ្នាំ២០២៤ ដែលជំរុញដោយការកើនឡើងមិនឈប់ឈរនៃគ្រោះមហន្តរាយ និងជម្លោះ។

របាយការណ៍សកលឆ្នាំ២០២៥ថ្មីមួយ ដែលចេញផ្សាយថ្មីស្តីពីការភៀសខ្លួនខាងក្នុងបានឱ្យដឹងថា សង្រ្គាម និងនិងអំពើហិង្សាដែលកំពុងបន្ត នៅតែជាកត្តាជំរុញចម្បងនៃការផ្លាស់ទីលំនៅ។ គិតត្រឹមចុងឆ្នាំ២០២៤ មនុស្សចំនួន ៧៣,៥លាននាក់ បានភៀសខ្លួនដោយសារជម្លោះ និងអំពើហិង្សា ពោលគឺកើនឡើង ៨០% ក្នុងពេល ៦ឆ្នាំកន្លងមកនេះ។

នៅស៊ូដង់ ជម្លោះបានជម្លៀសប្រជាជន ១១,៦លាននាក់ ដែលធ្វើឱ្យប្រទេសនេះមានចំនួនជនភៀសខ្លួនខ្ពស់បំផុតទូទាំងពិភពលោក។ នៅតំបន់ហ្កាហ្សាស្ទ្រីប ប្រជាជនស្ទើរតែទាំងអស់ត្រូវបានភៀសខ្លួននៅចុងឆ្នាំមុន។

របាយការណ៍ក៏បានបញ្ជាក់ផងដែរថា គ្រោះមហន្តរាយបានបង្កឱ្យមានការភៀសខ្លួនចំនួន ៤៥,៨លាននាក់ក្នុងឆ្នាំ២០២៤ ដែលជិតពីរដងនៃតួលេខមធ្យមប្រចាំឆ្នាំ ក្នុងពេលមួយទសវត្សរ៍កន្លងមក។ ខណៈដែលមនុស្សភាគច្រើនអាចត្រឡប់ទៅផ្ទះសម្បែងវិញក្នុងកំឡុងឆ្នាំនោះ នៅមានមនុស្សប្រហែល ៩,៨លាននាក់ នៅតែស្ថិតក្នុងស្ថានភាពភៀសខ្លួនដោយសារគ្រោះមហន្តរាយនានានៅចុងឆ្នាំ២០២៤៕