បាត់ដំបង៖ ពលករខ្មែរជិត ១៤០នាក់បានវិលត្រឡប់មកពីប្រទេសថៃ ចូលតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ។
សមត្ថកិច្ចចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវីដ១៩ រួចពលករសរុបចំនួន ១៣៨នាក់ ស្រី៥៨នាក់ ក្មេង២៩នាក់ ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្តរហ័សជាលទ្ធផលអវិជ្ជមានកូវីដ-១៩ ទាំងអស់។ពលករចំនួន ៣១នាក់ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ក នៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ខណៈពលករដែលមានកាតចាក់វ៉ាក់សាំងចំនួន ១០៧នាក់ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅស្រុកកំណើតវិញរៀងៗខ្លួន។
គួរកត់សម្គាល់ថា ក្នុងមួយរយៈពេលចុងក្រោយនេះ មានពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃវិញ ចូលតាមច្រកខេត្តបាត់ដំបង ជាបន្តបន្ទាប់ ហើយការវិលត្រឡប់មកស្រុកកំណើតរបស់ពួកគាត់នាពេលនេះ គឺដោយសារស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជាមានសភាពធូរស្រាលច្រើនជាងមុន។ ម្យ៉ាងវិញទៀតពួកគាត់ត្រឡប់មកវិញ ដើម្បីទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ ឬដូសទី៣៕



