មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស បាននិយាយថា លោកប្រធានាធិបតី ដូណាល់ ត្រាំ អាចជួយនាំមកនូវសន្តិភាព ដល់តំបន់ហ្កាហ្សា ខណៈដែលលោកបានបញ្ជាក់ថា ក្រុមប៉ាឡេស្ទីន បានប្រាប់សហរដ្ឋអាមេរិកថា ខ្លួនមានឆន្ទៈប្រគល់ឲ្យគ្រប់គ្រងទឹកដីនេះ។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Sky News កាលពីថ្ងៃព្រហស្បតិ៍ លោក Basem Naim បាននិយាយថា អង្គការរបស់លោក បានចែករំលែកផែនការបទឈប់បាញ់ដោយផ្ទាល់ ជាមួយមន្ត្រីក្នុងទីក្រុងវ៉ាស៊ីនតោន ហើយបានសុខចិត្តប្រគល់ការគ្រប់គ្រងតំបន់ហ្កាហ្សាភ្លាមៗ ប្រសិនបើយើងឈានដល់ការបញ្ចប់សង្រ្គាមនេះ។
លោកបានបន្ថែមថា សំណើនេះ បានអំពាវនាវឲ្យមាន«ការដោះប្តូរអ្នកទោស ការដកកងកម្លាំងអ៊ីស្រាអែលទាំងស្រុង ដោយអនុញ្ញាតឲ្យមានជំនួយទាំងអស់ ចូលទៅក្នុងតំបន់ហ្កាហ្សា និងការកសាងឡើងវិញនូវតំបន់ហ្កាហ្សាស្ទ្រីប ដោយមិនមានការផ្លាស់ប្តូរទីលំនៅដោយបង្ខំ»។
លោក Naim បាននិយាយថា លោកជឿថា លោក ត្រាំ «មានសមត្ថភាព និងឆន្ទៈ ក្នុងការឈានទៅដល់ស្ថានភាពសន្តិភាពនេះ»។
លោកបានបន្តទៀតថា៖«លោកប្រធានាធិបតី ត្រាំ អាចធ្វើបាន ប្រសិនបើលោក អនុវត្តសម្ពាធគ្រប់គ្រាន់លើអ៊ីស្រាអែល ដើម្បីបញ្ចប់សង្រ្គាមនេះភ្លាមៗ។ យើងត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយលោក ដើម្បីសម្រេចបាននូវគោលដៅនៃតំបន់ដែលមានសន្តិភាពជាងនេះ»។
