គ្រូបង្រៀនឈីលី បានធ្វើកូដកម្មថ្នាក់ជាតិរយៈពេល ២៤ម៉ោង កាលពីថ្ងៃព្រហស្បតិ៍ ទី ១៥ ខែឧសភា នៅទីក្រុងសាន់ត្យាហ្គោ ( Santiago) ដោយទាមទារឲ្យរដ្ឋាភិបាលបំពេញការសន្យានៃយុទ្ធនាការ ដើម្បីកែលម្អការអប់រំសាធារណៈ និងលក្ខខណ្ឌការងារ។
អ្នកអប់រំរាប់រយនាក់ បានប្រមូលផ្តុំគ្នាដើរកាត់វិមាន La Moneda ដោយគូសបញ្ជាក់ពីអ្វី ដែលពួកគេពិពណ៌នាថា ជាស្ថានភាពធ្ងន់ធ្ងរ នៅក្នុងសាលារដ្ឋរបស់ប្រទេសនេះ។
ក្នុងចំណោមការទាមទាររបស់ពួកគេ គ្រូបង្រៀនកំពុងជំរុញឲ្យរដ្ឋាភិបាលអនុវត្តវិធានការដោះស្រាយអំពើហិង្សា នៅក្នុងថ្នាក់រៀន និងជួលគ្រូបង្រៀនបន្ថែមទៀត ដើម្បីកាត់បន្ថយបន្ទុកការងារ។
កាលពីសប្តាហ៍មុន សហជីពគ្រូបង្រៀន បានផ្ញើលិខិតមួយទៅកាន់លោកប្រធានាធិបតី Gabriel Boric ដោយអំពាវនាវឲ្យមានការចូលរួមដោយផ្ទាល់របស់លោក ក្នុងការដោះស្រាយបញ្ហាទាំងអស់នេះ។