កាសែត Financial Times (FT) បានរាយការណ៍ថា អាជ្ញាធរអ៊ុយក្រែន បានខាតបង់ប្រាក់រាប់រយលានដុល្លារ ក្នុងការទិញអាវុធ ពីអ្នកផ្គត់ផ្គង់ដែលមិនអាចជឿទុកចិត្តបាន។
ការស៊ើបអង្កេតរបស់សារព័ត៌មាន FT គឺផ្អែកលើការលេចធ្លាយឯកសាររដ្ឋាភិបាល និងការសម្ភាសន៍រាប់សិប ជាមួយមន្ត្រីដែលទទួលខុសត្រូវលើការទិញអាវុធ ក៏ដូចជាអ្នកជួយដូរអាវុធ និងអ្នកស៊ើបអង្កេត។ យោងតាមរបាយការណ៍បានឲ្យដឹងថា ទីក្រុងគីវ បានខាតបង់រាប់រយលានដុល្លារ ក្នុងរយៈពេល បីឆ្នាំ ចុងក្រោយនេះ ដោយព្យាយាមទិញអាវុធពីភាគីទី៣ និងអ្នកម៉ៅការដែលមិនគួរឲ្យទុកចិត្តបាន។

ក្នុងករណីខ្លះ ភាគីអ៊ុយក្រែន បានបង់ប្រាក់ក្នុងចំនួនច្រើនជាមុន ដល់ក្រុមហ៊ុនដែលមិនសូវស្គាល់ ដែលនៅតែមិនទាន់បានប្រគល់អាវុធ ដែលបានចុះកិច្ចសន្យា ឬសមាសធាតរបស់អាវុធទាំងនោះ។
មនុស្សជាច្រើនដែលត្រូវបានសម្ភាសន៍ដោយសារព័ត៌មានFT ក៏បាននិយាយផងដែរថា ក្នុងករណីខ្លះ អ៊ុយក្រែន បានទិញអាវុធក្នុងតម្លៃទាបពេក ប៉ុន្តែក្រោយមកក៏អាវុធទាំងនោះ ក៏ប្រើប្រាស់លែងកើត។
