ក្រុមដែលមានសម្ព័ន្ធភាពជាមួយក្រុមអាល់កៃដា កាលពីថ្ងៃព្រហស្បតិ៍បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហាដ៏បង្ហូរឈាមលើជំរំយោធានៅភាគខាងជើងប្រទេសប៊ួគីណាហ្វាសូ ដែលបានបណ្តាលឱ្យទាហាន២០០នាក់ស្លាប់។ ការវាយប្រហារដែលបានកើតឡើងនៅក្នុងទីក្រុង Djibo ក៏បានដាក់គោលដៅលើប៉ុស្តិ៍នគរបាល និងទីផ្សារមួយកន្លែងផងដែរ នេះបើយោងតាមប្រភពសន្តិសុខដែលបានដកស្រង់សម្តីដោយសារព័ត៌មាន Reuters ។
ដំបូងឡើយ ក្រុមនេះបានរាយការណ៍ថាបានសម្លាប់ទាហាន៦០នាក់ ប៉ុន្តែបានបង្កើនចំនួនអ្នកស្លាប់នៅក្នុងការប្រកាសជាបន្តបន្ទាប់របស់ខ្លួន។

រូបភាពផ្កាយរណបដែលត្រូវបានពិនិត្យដោយសារព័ត៌មាន Reuters បានបង្ហាញពីការខូចខាតធ្ងន់ធ្ងរដល់មូលដ្ឋានយោធា ពន្ធនាគារ មន្ទីរពេទ្យ និងទីផ្សារដែលនៅក្បែរនោះ។ រដ្ឋាភិបាល ពុំបានបញ្ជាក់ពីការស្លាប់និងរបួសណាមួយ ឬចេញសេចក្តីថ្លែងការណ៍ជាផ្លូវការឡើយ។
ក្រុម JNIM ក៏បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារថ្មីៗជាច្រើនទៀតនៅក្នុងប្រទេស ប៊ួគីណាហ្វាសូ រួមមានទាំងនៅខេត្ត Loroum ដែលបានបណ្តាលឲ្យមនុស្សរាប់សិបនាក់ស្លាប់។ មូលដ្ឋាន Djibo បានរងការវាយប្រហារជាច្រើនលើក រួមទាំងការវាយប្រហារកាលពីឆ្នាំ២០២២ ដែលបានសម្លាប់ទាហាន ១០នាក់។
