នគរបាលថៃ បានចាប់ខ្លួនព្រះសង្ឃមួយអង្គ ជុំវិញការចោទប្រកាន់ថា ព្រះអង្គបានកិបកេងប្រាក់ជាង ៩លានដុល្លារ ពីវត្តដ៏ល្បីមួយ ដែលខ្លួនបានគ្រប់គ្រង ដោយបានទទួលថវិកាពីការបរិច្ចាគពីអ្នកកាន់ព្រះពុទ្ធសាសនា។
ក្រុមអ្នកស៊ើបអង្កេតមកពីការិយាល័យស៊ើបអង្កេតកណ្តាល (CIB) បានចោទប្រកាន់ព្រះចៅអធិការវត្ត ព្រះនាម Phra Thammachiranuwat មកពីវត្ត Rai Khingថា បានលួចផ្ទេរជាង ៣០០ លានបាត (៩.០៥ លានដុល្លារ) ពីគណនីធនាគាររបស់វត្តនេះ ទៅចូលគណនីផ្ទាល់ខ្លួនរបស់ព្រះសង្ឃអង្គនេះ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាននិយាយថា ក្រុមអ្នកស៊ើបអង្កេត បានតាមដានមូលនិធិចេញពីវត្តនេះ នៅជាយក្រុងបាងកកភាគខាងលិច ទៅកាន់បណ្តាញល្បែងអនឡាញខុសច្បាប់ ដែលកំពុងដំណើរការល្បែងបៀបាការ៉ាត់(baccarat)។
វត្តនានាក្នុងប្រទេសថៃដែលភាគច្រើនជាអ្នកកាន់ព្រះពុទ្ធសាសនា ពឹងផ្អែកយ៉ាងខ្លាំងលើប្រាក់ចំណូលពីពិធី «បុណ្យ»ផ្សេងៗ ដែលពុទ្ធបរិស័ទ បានបរិច្ចាក ដោយសង្ឃឹមថា នឹងទទួលបានសំណាងល្អ និងការចាប់កំណើតឡើងវិញ។
ស្នងការរងនៃការិយាល័យស៊ើបអង្កេតកណ្តាល (CIB) លោក Jaroonkiat Pankaew បានប្រាប់អ្នកយកព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃព្រហស្បតិ៍ថា នគរបាលបានចោទប្រកាន់ព្រះសង្ឃនាម Phra Thammachiranuwat ពីបទពុករលួយ និងការកេងបន្លំប្រាក់។
