រដ្ឋមន្ត្រីការបរទេសបារាំង បាននិយាយនៅថ្ងៃសុក្រថា ទីក្រុងប៉ារីស បានបើកសំណុំរឿងប្រឆាំងនឹងទីក្រុងតេអេរ៉ង់ នៅតុលាការកំពូលរបស់អង្គការសហប្រជាជាតិលើពលរដ្ឋបារាំងពីរនាក់ ដែលត្រូវបានឃុំខ្លួន ក្នុងប្រទេសអ៊ីរ៉ង់ រយៈពេល បីឆ្នាំ។
ការប្រកាសនេះ បានធ្វើឡើង ខណៈក្រុមអ្នកចរចាអ៊ីរ៉ង់ គ្រោងនឹងជួបជាមួយសមភាគីរបស់ពួកគេមកពីចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ក្នុងទីក្រុងប្រទេសទួរគី នៅថ្ងៃសុក្រនេះ សម្រាប់ការពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

អ្នកស្រី Cecile Kohler គ្រូបង្រៀនអក្សរសាស្ត្រ អាយុ ៤០ឆ្នាំ មកពីភាគខាងកើតប្រទេសបារាំង និងដៃគូរបស់អ្នកស្រីលោក Jacques Paris ក្នុងវ័យ ៧០ឆ្នាំ ត្រូវបានចាប់ខ្លួន នៅថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២២ នៅថ្ងៃចុងក្រោយនៃដំណើរទេសចរណ៍ នៅក្នុងប្រទេសអ៊ីរ៉ង់។
ពួកគេត្រូវបានឃុំខ្លួន ជុំវិញការចោទប្រកាន់ពីបទធ្វើចារកម្ម ដែលពួកគេបានបដិសេធយ៉ាងដាច់អហង្ការ។
នៅក្នុងសំណុំរឿងរបស់ខ្លួន នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ប្រទេសបារាំង បានចោទប្រកាន់អ៊ីរ៉ង់ថា «បានរំលោភលើកាតព្វកិច្ចរបស់ខ្លួន ក្នុងការផ្តល់ការការពាររបស់កុងស៊ុល» ដល់អ្នកទាំងពីរ ដែល «ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងដែលត្រូវបានឃុំខ្លួនក្នុងលក្ខខណ្ឌដ៏គួរឲ្យសោកស្តាយ ដែលស្មើនឹងការធ្វើទារុណកម្ម»។
