ការជូនដំណឹងរបស់ក្រសួងការបរទេសអាមេរិក បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងវ៉ាស៊ីនតោន នឹងបន្តការហាមឃាត់ការធ្វើដំណើររបស់ពលរដ្ឋខ្លួន ទៅកាន់ប្រទេសកូរ៉េខាងជើង រយៈពេលមួយឆ្នាំទៀត ដោយលើកឡើងពីហានិភ័យ «ដ៏ធ្ងន់ធ្ងរ» ដែលទាក់ទងនឹងការធ្វើដំណើរណាមួយ ទៅកាន់រដ្ឋឯកោនេះ។
ក្រសួង បានបង្ហោះការជូនដំណឹង នៅលើគេហទំព័រចុះឈ្មោះសហព័ន្ធកាលពីថ្ងៃពុធ ដោយប្រកាសពីការសម្រេចចិត្តលើការពន្យារពេលដែលនឹងធ្វើឲ្យការរឹតបន្តឹង មានសុពលភាព ចាប់ពីថ្ងៃទី ០១ ខែកញ្ញា ដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំក្រោយ ខណៈដែលវិធានការបច្ចុប្បន្ន ត្រូវបានកំណត់ថា នឹងផុតកំណត់ នៅថ្ងៃទី ៣១ ខែសីហា។
នៅក្រោមចំណាត់ការនេះ លិខិតឆ្លងដែនអាមេរិកទាំងអស់ នឹងត្រូវប្រកាសថា មិនមានសុពលភាពសម្រាប់ការធ្វើដំណើរទៅ ចូល ឬឆ្លងកាត់ប្រទេសកូរ៉េខាងជើង លុះត្រាតែមានសុពលភាពជាពិសេសសម្រាប់ការធ្វើដំណើរបែបនេះ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីជូនដំណឹងនោះថា៖«ក្រសួងការបរទេស បានកំណត់ថា នៅតែមានហានិភ័យធ្ងន់ធ្ងរ ដល់ពលរដ្ឋ និងជនជាតិអាមេរិក ក្នុងការចាប់ខ្លួន និងការឃុំខ្លួន រយៈពេលវែង ដែលបង្កើតជាគ្រោះថ្នាក់ដល់សុវត្ថិភាពរាងកាយរបស់ពួកគេ»។
ក្នុងឆ្នាំ ២០១៧ សហរដ្ឋអាមេរិក បានអនុវត្តការរឹតបន្តឹងការធ្វើដំណើរលើប្រទេសកូរ៉េខាងជើង។ ចាប់តាំងពីពេលនោះមក ការរឹងបន្តឹងនេះ ត្រូវបានបន្តជារៀងរាល់ឆ្នាំ។