អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Jiang Bin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពរំដោះប្រជាជនចិនត្រៀមខ្លួនជាស្រេច ក្នុងការពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រ ជាមួយកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ដើម្បីជាប្រយោជន៍ដល់ការរក្សាស្ថិរភាពពិភពលោក។

អ្នកនាំពាក្យរូបនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«កងទ័ពរបស់ប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការទំនាក់ទំនងជាមួយរុស្ស៊ី ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់មេដឹកនាំនៃប្រទេសទាំងពីរ ក្នុងការធ្វើឲ្យកាន់តែស៊ីជម្រៅនូវទំនុកចិត្តទៅវិញទៅមកជាយុទ្ធសាស្រ្ត ពង្រឹងទំនាក់ទំនងជាយុទ្ធសាស្រ្ត និងពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីដើរតួយ៉ាងសំខាន់ ក្នុងការរក្សា និងពង្រឹងស្ថិរភាពយុទ្ធសាស្រ្តពិភពលោក»។
អ្នកនាំពាក្យរូបនេះ បាននិយាយថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ កងកម្លាំងប្រដាប់អាវុធនៃប្រទេសចិន និងរុស្ស៊ីបាននិងកំពុងរក្សាទំនាក់ទំនងកម្រិតខ្ពស់ ផ្លាស់ប្តូរទស្សនៈគ្នាយ៉ាងស៊ីជម្រៅ ធ្វើសមយុទ្ធរួមគ្នា ចូលរួមក្នុងព្រឹត្តិការណ៍សាធារណៈ និងនយោបាយសំខាន់ៗ និងរួមគ្នាបង្កើតកម្លាំងជំរុញវិជ្ជមានសម្រាប់ការអភិវឌ្ឍទំនាក់ទំនងអន្តរកងទ័ពទ្វេភាគី។
លោកបន្តថា ដូច្នេះកិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងរុស្ស៊ី កាន់តែមានសារសំខាន់។
អ្នកនាំពាក្យរូបនេះ បាននិយាយថា ឆ្នាំនេះ គឺជាខួបលើកទី ៨០ នៃជ័យជម្នះរបស់ប្រជាជនចិន ក្នុងសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងជ័យជម្នះរបស់សហភាពសូវៀតលើពួកណាហ្ស៊ីនិយមអាល្លឺម៉ង់ ក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យឆ្នាំ ១៩១៤-១៩៤៥។
