ប្រទេសអ៊ុយក្រែន បានប្រមូលផ្តុំការគាំទ្រពីសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន កាលពីថ្ងៃសុក្រ ទី១៦ ខែឧសភា បន្ទាប់ពីទីក្រុងគីវ និងទីក្រុងមូស្គូ បានបរាជ័យពុំបានឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅឯកិច្ចចរចាផ្ទាល់លើកដំបូងរបស់ខ្លួនក្នុងរយៈពេលបីឆ្នាំ មកនេះ។
ក្រោមសម្ពាធពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដើម្បីឲ្យបញ្ចប់ជម្លោះដ៏បង្ហូរឈាមបំផុតនៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២មក គណៈប្រតិភូមកពីប្រទេសកំពុងមានសង្រ្គាមទាំងពីរ បានជួបប្រជុំគ្នាជាលើកដំបូងចាប់តាំងពីខែមីនា ឆ្នាំ២០២២។
កិច្ចពិភាក្សានៅក្នុងវិមានទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី មានរយៈពេលមិនដល់ពីរម៉ោងនោះទេ ហើយក៏ពុំមានការប្រកាសភ្លាមៗថាតើភាគីទាំងពីរអាចនឹងជួបគ្នាម្តងទៀតឬយ៉ាងណា។
ប្រទេសរុស្ស៊ី បានសម្តែងការពេញចិត្តចំពោះការចរចានេះ ហើយប្រទេសទាំងពីរបាននិយាយថាមានការព្រមព្រៀងដោះដូរឈ្លើយសឹកសង្គ្រាមចំនួន១.០០០នាក់ពីភាគីនីមួយៗ។
ប៉ុន្តែទីក្រុងគីវ ចង់ឱ្យប្រទេសលោកខាងលិចដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹង រហូតដល់ទីក្រុងមូស្គូទទួលយកសំណើពីលោក Trump សម្រាប់បទឈប់បាញ់រយៈពេល៣០ថ្ងៃ ដែលភ្លាមៗនោះបានចាប់ផ្តើមប្រមូលផ្តុំសម្ព័ន្ធមិត្តរបស់ខ្លួនសម្រាប់ចំណាត់ការទណ្ឌកម្ម។ អ្នកនាំពាក្យ បាននិយាយថា នៅពេលដែលការចរចាបានបញ្ចប់ លោកប្រធានាធិបតី Volodymyr Zelenskyy បានសន្ទនាតាមទូរស័ព្ទជាមួយលោក Trump និងមេដឹកនាំប្រទេសបារាំង អាល្លឺម៉ង់ និងប្រទេសប៉ូឡូញ។
លោក Zelenskyy បាននិយាយថា ទណ្ឌកម្មដ៏ខ្លាំងក្លាគួរតែអនុវត្ត ប្រសិនបើរុស្ស៊ីច្រានចោលបទឈប់បាញ់។ ប្រភពមួយនៅក្នុងគណៈប្រតិភូអ៊ុយក្រែនបានប្រាប់សារព័ត៌មានរ៉យទ័រថា ការទាមទាររបស់រុស្ស៊ី «ដាច់ដោយឡែកពីការពិត និងហួសពីអ្វីដែលបានពិភាក្សាកាលពីពេលមុន»។
