ប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយកាលពីថ្ងៃសុក្រ ទី១៦ ឧសភា ថា សហភាពអឺរ៉ុបកំពុងធ្វើការលើកញ្ចប់ទណ្ឌកម្មថ្មី ដើម្បីបង្កើនសម្ពាធលើប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ជុំវិញសង្គ្រាមនៅអ៊ុយក្រែន។
កិច្ចប្រជុំកំពូលសហគមន៍នយោបាយអឺរ៉ុប ដែលរួមមានប្រទេសពុំមែនសហភាពអឺរ៉ុប បានកោះប្រជុំនៅរដ្ឋធានី Tirana ប្រទេសអាល់បានី ខណៈអ្នកចរចារុស្ស៊ី និងអ៊ុយក្រែន បានជួបគ្នានៅទីក្រុងអ៊ីស្តង់ប៊ុលប្រទេសទួរគីសម្រាប់ការចរចាសន្តិភាពដោយផ្ទាល់លើកដំបូងក្នុងរយៈពេលជាងបីឆ្នាំមកនេះ ក្រោមសម្ពាធពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ។

សហភាពអឺរ៉ុប បានអនុម័តកញ្ចប់ទណ្ឌកម្មចំនួន១៧ប្រឆាំងប្រទេសរុស្ស៊ីរួចមកហើយ ដែលមួយកញ្ចប់ចុងក្រោយក្នុងសប្តាហ៍នេះ ហើយអ្នកការទូតនិយាយថា វាមានការលំបាកកាន់តែខ្លាំងដើម្បីទទួលបានការរួមមតិគ្នាជាចាំបាច់ក្នុងចំណោមសមាជិកទាំង២៧ប្រទេស របស់ប្លុកអឺរ៉ុប ក្នុងការអនុម័តវិធានការថ្មី។
លោកស្រី von der Leyen បាននិយាយដោយសំដៅទៅលើ លោក Putin ថា «គាត់មិនចង់បានសន្តិភាពទេ ដូច្នេះយើងត្រូវបង្កើនសម្ពាធ ហើយនេះជាមូលហេតុដែលយើងកំពុងធ្វើការលើកញ្ចប់ទណ្ឌកម្មថ្មី» ។ «កញ្ចប់នេះនឹងរួមបញ្ចូលទណ្ឌកម្មលើបំពង់បង្ហូរឧស្ម័ន Nord Stream 1 និង Nord Stream 2 ។ វាក៏នឹងរួមបញ្ចូលទាំងការងារចុះបញ្ជីនាវារបស់កងនាវារុស្ស៊ីបន្ថែមទៀត បន្ទាបការទប់តម្លៃប្រេង នឹងរួមទាំងការដាក់ទណ្ឌកម្មបន្ថែមទៀតលើវិស័យហិរញ្ញវត្ថុនៅក្នុងប្រទេសរុស្ស៊ី។»
ថ្លែងទៅកាន់មេដឹកនាំអឺរ៉ុបផ្សេងទៀតនៅទីក្រុង Tirana ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា អាទិភាពទីមួយរបស់អ៊ុយក្រែនគឺការទទួលបានបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ ដើម្បីបង្កើតមូលដ្ឋានសម្រាប់កិច្ចចរចានាពេលអនាគតលើកិច្ចព្រមព្រៀងសន្តិភាព។

