អាជ្ញាធរសុខាភិបាលតំបន់បាននិយាយកាលពីថ្ងៃសុក្រថា ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា បានសម្លាប់មនុស្សជាង២៥០នាក់ចាប់តាំងពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភាមក ជាដំណាក់កាលមួយនៃការទម្លាក់គ្រាប់បែកដ៏បង្ហូរឈាមបំផុតចាប់តាំងពីបទឈប់បាញ់បានដួលរលំនៅក្នុងខែមីនា ដោយការវាយលុកតាមដីគោកថ្មី ត្រូវបានគេរំពឹងទុកក្នុងពេលឆាប់ៗនេះ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដែលបានបញ្ចប់ដំណើរទស្សនកិច្ចនៅតំបន់មជ្ឈិមបូព៌ាកាលពីថ្ងៃសុក្រដោយពុំមានវឌ្ឍនភាពជាក់ស្តែងឆ្ពោះទៅរកបទឈប់បាញ់ថ្មីខណៈអ៊ីស្រាអែលបង្កើនយុទ្ធនាការយោធារបស់ខ្លួន បានទទួលស្គាល់ពីវិបត្តិនៃភាពអត់ឃ្លានកំពុងកើនឡើងនៅតំបន់ហ្កហ្សា និងតម្រូវការសម្រាប់ការផ្តល់ជំនួយ។

លោកនិយាយថា «យើងត្រូវតែជួយពលរដ្ឋប៉ាឡេស្ទីន។ ដូចអ្នកដឹងហើយ ថា មនុស្សជាច្រើនកំពុងអត់ឃ្លាននៅហ្កាហ្សា ដូច្នេះយើងត្រូវសម្លឹងមើលភាគីទាំងពីរ។ នៅពេលត្រូវបានសួរថាតើលោកគាំទ្រផែនការសង្រ្គាមរបស់អ៊ីស្រាអែលដែរឬទេ នោះលោកTrump បាននិយាយថាលោករំពឹងថានឹងមាន «រឿងល្អៗ» នៅខែក្រោយ។
អ្នកនាំពាក្យអាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា លោក Khalil al-Deqran បាននិយាយថា ការវាយប្រហារតាមអាកាស និងកាំភ្លើងធំ កាលពីថ្ងៃសុក្រ គឺផ្តោតលើផ្នែកភាគខាងជើងតំបន់ដ៏តូចចង្អៀត ជាតំបន់ហ៊ុមព័ទ្ធមានមនុស្សច្រើន ជាកន្លែងមនុស្សរាប់សិបនាក់រួមមានស្ត្រី និងកុមារ ត្រូវបានសម្លាប់។ អ៊ីស្រាអែល បានបង្កើនការទម្លាក់គ្រាប់បែករបស់ខ្លួន និងបានបង្កើតកម្លាំងរថពាសដែកនៅតាមបណ្តោយព្រំដែន ទោះបីជាមានសម្ពាធពីអន្តរជាតិកាន់តែខ្លាំងឡើងសម្រាប់ប្រទេសនេះឱ្យបន្តកិច្ចចរចាបទឈប់បាញ់ឡើងវិញ និងបញ្ចប់ការបិទផ្លូវរបស់ខ្លួននៅតំបន់ហ្កាហ្សា ជាកន្លែងដែលការព្រមានអំពីគ្រោះទុរ្ភិក្ស កំពុងកើនឡើង។

