ប្រជាជនអ៊ុយក្រែនរីករាយ បន្ទាប់ពីរុស្ស៊ី និងអ៊ុយក្រែន បានបញ្ចប់ការចរចាសន្តិភាពជុំទីមួយ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី កាលពីថ្ងៃសុក្រ ដោយបានព្រមព្រៀងដោះដូរឈ្លើយសឹកសង្គ្រាមចំនួន ១.០០០ នាក់នៃភាគីនីមួយៗ ហើយបន្តការចរចា។ ខណៈដែលមានការសង្ស័យអំពីឆន្ទៈរបស់រុស្ស៊ីក្នុងការបញ្ចប់សង្រ្គាម អ្នកដែលសារព័ត៌មានReuters បាននិយាយទៅកាន់ បានបង្ហាញពីក្តីសង្ឃឹមសម្រាប់មេដឹកនាំប្រទេសលោកខាងលិចក្នុងការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងលើទីក្រុងមូស្គូ។

មន្ត្រីជាន់ខ្ពស់មកពីប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានជួបពិភាក្សាដោយផ្ទាល់កាលពីថ្ងៃសុក្រជាលើកដំបូងក្នុងរយៈពេលជាងបីឆ្នាំមកនេះ ពួកគេពុំអាចឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅឡើយទេ ប៉ុន្តែបានព្រមព្រៀងលើការដោះដូរអ្នកទោស។ ភាគីទាំងពីរ ក៏ត្រូវបានគេរំពឹងថានឹងបន្តការចរចាផងដែរ។
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Rustem Umerov បាននិយាយថាទីក្រុងគីវ ជឿជាក់ថា ជំហានបន្ទាប់ ក្រោយការចរចាអំពីសង្គ្រាមជាមួយគណៈប្រតិភូរុស្ស៊ីកាលពីថ្ងៃសុក្រ វានឹងមានជំនួបមេដឹកនាំរបស់ប្រទេសទាំងពីរ។
លោក Umerov បានប្រាប់អ្នកសារព័ត៌មានថា អាទិភាពទីមួយក្នុងកិច្ចចរចាកាលពីថ្ងៃសុក្រ ទី១៦ ឧសភា ក្នុងទីក្រុងអ៊ីស្តង់ប៊ុល គឺទទួលបានការដោះលែងឈ្លើយសឹកសង្រ្គាម និងទីពីរនឹងទទួលបានបទឈប់បាញ់ ហើយជំហានបន្ទាប់នឹងជាការពិភាក្សាកម្រិតមេដឹកនាំ។
