
កោះកុង៖ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានក្រើនរម្លឹកដល់ក្រុមយុវជននៅស្រុកគិរីសាគរ និងស្រុកបូទុមសាគរ ត្រូវធ្វើឱ្យកូនល្អ សិស្ស និងពលរដ្ឋគំរូ ដាច់ត្រូវចៀសឱ្យឆ្ងាយពីការសេពគ្រឿងញៀន។
ជាយុវជនចាំបាច់ត្រូវធ្វើសកម្មភាពណាដែលផ្តល់ប្រយោជន៍សម្រាប់ខ្លួនឯង សង្គមជាតិ ពិសេសការងារផ្នែកមនុស្សធម៌ ដើម្បីពង្រឹងសមត្ថភាពបន្តចូលរួមជួយសង្គ្រោះជនរងគ្រោះ ឬទីទ័លក្រដែលមានសេចក្តីត្រូវការសព្វថ្ងៃ។
ក្នុងពិធីបំពាក់កន្សែងកាកបាទក្រហមជូនដល់យុវជនចំនួន៦១ និងពលរដ្ឋក្រីក្រលំបាកចំនួន៥០គ្រួសារនៅស្រុកបូទុមសាគរ និងស្រុកគិរីសាគរ រសៀលថ្ងៃទី១៤ ខែធ្នូ ២០២១នេះ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកោះកុង ក៏បានដាស់តឿនរំលឹកដល់យុវជនទាំងអស់ដាច់ខាតចៀសឱ្យឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន ដោយនិយាយថាទេ។
បើតាមលោកជំទាវប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកោះកុង ការសេពគ្រឿងញៀនគ្មានអ្វីចំណេញដល់រូបកាយ ក្រុមគ្រួសារ និងសង្គមជាតិនោះទេ ពោល គឺវាបានបំផ្លាញសតិគំនិតដើរទៅរកសេចក្តីស្លាប់ ឬក្លាយជាមនុស្សវិកលចរិក។ ប្រសិនណាបើបុគ្គលណាម្នាក់ ថ្វីប្រហែសទៅសេពវានោះ។
លោកជំទាវ មិថុនា ភូថង បន្ថែមថា ក្នុងនាមជាយុវជន គួររៀបចំខ្លួនឱ្យក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋគំរូ សម្រាប់សសរទ្រូងប្រទេសជាតិទៅអនាគត ដោយអ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះ ព្រមទាំងស្តាប់បង្គាប់ម្តាយឪពុក ឬលោកគ្រូអ្នកគ្រូ។ ខណៈរាជរដ្ឋាភិបាលកម្ពុជាប្រឹងប្រែងថែរក្សាសុខសន្តិភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិកាន់តែរីកចម្រើនអត់ឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។
ចំពោះក្រុមយុវជនដែលទទួលបានការបំពាក់កន្សែងកាកបាទក្រហមកម្ពុជា បង្ហាញពីគោលបំណងរបស់ខ្លួននៃការចូលរួមសកម្មភាពស្ម័គ្រចិត្តការងារមនុស្សធម៌ថា ពួកគេនឹងចៀសឱ្យឆ្ងាយពីគ្រឿងញៀន ដោយងាកមករកការខិតខំរៀនសូត្រ ក៏ដូចជាចំណេញពេលវេលាមកចូលរួមការងារផ្នែកមនុស្សធម៌ក្នុងសហគមន៍។
លោកជំទាវ មិថុនា ជឿជាក់ថា យុវជនដែលជាសមាជិកកាកបាទក្រហមកម្ពុជានៅតាមបណ្តាស្រុក នឹងបំពេញការងារខាងផ្នែកមនុស្សធម៌បានយ៉ាងល្អប្រសើរសម្រាប់សហគមន៍របស់ខ្លួន តបឆ្លើយនឹងអ្វីដែលការសំណូមពររបស់អាជ្ញាធរមូលដ្ឋាន៕ អត្ថបទ៖ ឈឹម មករា


