មន្ត្រីអ៊ុយក្រែនបាននិយាយនៅថ្ងៃសៅរ៍ (ទី១៧ ខែឧសភា)នេះថា ការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ីទៅលើរថយន្តក្រុងមួយគ្រឿង បានបណ្តាលឲ្យមនុស្ស ៩នាក់ស្លាប់ និង ៤នាក់ផ្សេងទៀតរងរបួស នៅក្នុងតំបន់ Sumy ជាការវាយប្រហារមួយ ដែលបានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីទីក្រុងមូស្គូ និងទីក្រុង គីវ ធ្វើកិច្ចចរចាសន្តិភាពដោយផ្ទាល់ជាលើកដំបូង ក្នុងរយៈពេលជាច្រើនឆ្នាំ។
នគរបាលរបស់ប្រទេសអ៊ុយក្រែន បានបង្ហោះរូបភាពនៃរថយន្តដឹកអ្នកដំណើរពណ៌ខៀវខ្មៅ ដែលស្ទើរតែត្រូវបានបំផ្លាញទាំងស្រុង ដោយដំបូលរហែក និងបង្អួចទាំងអស់ ត្រូវដាច់ខ្ទាត់ចេញ។ លោក Ihor Tkachenko ប្រធានរដ្ឋបាលយោធានៅតំបន់ Sumy បាននិយាយនៅលើ Telegram ថា ប្រតិបត្តិការជួយសង្គ្រោះ កំពុងដំណើរការ។

សារព័ត៌មានរ៉យទ័រ មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនូវទីតាំង ឬកាលបរិច្ឆេទដែលរូបថតត្រូវបានថតនោះទេ ហើយក៏មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនូវរបាយការណ៍របស់អ៊ុយក្រែន និងរុស្ស៊ីផងដែរ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ី បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិថា កងកម្លាំងរុស្ស៊ី បានវាយប្រហារលើទីតាំងដាក់គ្រឿងយុទ្ធោបករណ៍របស់អ៊ុយក្រែននៅក្នុងតំបន់ Sumy ជាមួយនឹងយានដ្រូន។
