មេដឹកនាំក្នុងតំបន់នៅថ្ងៃសៅរ៍នេះ នឹងជួបប្រជុំគ្នានៅទីក្រុងបាកដាដ នៅឯកិច្ចប្រជុំកំពូលប្រចាំឆ្នាំនៃសម្ព័ន្ធអារ៉ាប់ ដោយសង្រ្គាមនៅតំបន់់ហ្កាហ្សា ត្រូវបានគេរំពឹងថា នឹងកើនឡើងជាថ្មីម្តងទៀត។
កាលពីខែមីនា នៅក្នុងកិច្ចប្រជុំកំពូលបន្ទាន់មួយក្នុងទីក្រុងគែរ មេដឹកនាំអារ៉ាប់ បានគាំទ្រផែនការដែលបានស្នើឡើងសម្រាប់ការកសាងឡើងវិញនូវតំបន់ហ្កាហ្សាស្ទ្រីប ដោយមិនមានការជម្លៀសប្រជាជនប្រហែល ២លាននាក់ នោះទេ។

កិច្ចប្រជុំកំពូលនៅថ្ងៃសៅរ៍នេះ ធ្វើឡើងរយៈពេលពីរខែ បន្ទាប់ពីអ៊ីស្រាអែល បានបញ្ចប់បទឈប់បាញ់មួយដែលបានឈានដល់ជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាសកាលពីខែមករា។ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ អ៊ីស្រាអែល បានបើកការវាយប្រហារយ៉ាងទូលំទូលាយ នៅតំបន់ហ្កាហ្សា ហើយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានប្តេជ្ញាបង្កើនកម្លាំងបន្ថែមទៀត ដើម្បីបន្តគោលបំណងរបស់ខ្លួន ក្នុងការកម្ទេចក្រុមហាម៉ាស។
កិច្ចប្រជុំនៅទីក្រុងបាកដាដ បានធ្វើឲ្យមានការភ្ញាក់ផ្អើល ដោយដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) នៅក្នុងតំបន់កាលពីដើមសប្តាហ៍នេះ។ ដំណើរទស្សនកិច្ចរបស់លោក ត្រាំ មិនបាននាំមកនូវកិច្ចព្រមព្រៀងមួយសម្រាប់បទឈប់បាញ់ថ្មី នៅតំបន់ហ្កាហ្សាដូចដែលមនុស្សជាច្រើន បានរំពឹងទុកនោះទេ ប៉ុន្តែលោកបានចាប់យកចំណងជើង ដោយជួបជាមួយប្រធានាធិបតីស៊ីរីថ្មី លោក Ahmad al-Sharaa ដែលធ្លាប់បានប្រយុទ្ធប្រឆាំងនឹងកងកម្លាំងសហរដ្ឋអាមេរិក នៅអ៊ីរ៉ាក់ ហើយបានសន្យាថា នឹងដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដែលដាក់លើប្រទេស ស៊ីរី។
